(ភ្នំពេញ) ៖ ផលិតកម្មថោន ក្នុងឆ្នាំនេះ ថ្វីដ្បិតតែបានបាត់បង់តារាចម្រៀងមួយដួង គឺកញ្ញា សុគន្ធ និសា ដែលបានចាកចេញពីផលិតកម្មក្ដី ប៉ុន្តែក៏មានតារាចម្រៀងថ្មីចំនួន៥នាក់ បានសម្រុកចូលមកវិញ បូករួមទាំងអ្នករ៉េបពីរនាក់ទៀត ធ្វើឲ្យផលិតកម្មនេះ មានតារាចម្រៀងកាន់តែច្រើន ពិសេសស្រីស្អាតក្នុងផលិតកម្ម កាន់តែច្រើន។
ថ្វីដ្បិតតែសម្បូរស្រីស្អាត ក៏មិនប្រាកដថា មានភាពសុខសាន្តនោះទេ ព្រោះទីណាមានមនុស្សស្រីច្រើន ទីនោះមានរឿងកាន់តែច្រើន ព្រោះការប៉ះទង្គិចពាក្យសម្ដីគ្នា ជារឿងជៀសមិនផុតឡើយ ។
តារាចម្រៀងស្រីពីរដួង ស្ថិតក្នុងទ្រនំថោន ដូចគ្នា គឺកញ្ញា លី អ៉ីវ៉ាធីណា តារាចម្រៀងស្រីបទពិសោធន៍រាប់ឆ្នាំ ហើយចូលផលិតកម្មនេះ អាចចាត់ទុកជារៀមច្បងក្នុងផលិតកម្ម ព្រោះនាងចាស់ទុំជាងគេ ប៉ុន្តែរវាងនាង និងតារាចម្រៀងស្រីថ្មី នាង ស៊ូ ស៊ីរីកា កំពុងតែសង្រ្គឺតធ្មេញដាក់គ្នា ហើយល្បីថា មិនចុះសម្រុងនឹងគ្នា ទ្រង់ទ្រាញធំទៀតផង ។
គេនៅចាំបានថា ក្នុងថ្ងៃខួបកំណើត កញ្ញា លី អ៉ីវ៉ាធីណា គេឃើញវត្តមាន តារាចម្រៀងក្នុងផលិតកម្មនេះ ព្រោងព្រាត រួមទាំងអ្នកសិល្បៈយ៉ាងច្រើនកុះករ តែបែរជាអវត្តមានតារាចម្រៀង ស្រីសំឡេងខ្លាំងស្រែកខ្ពស់ល្អ ស៊ូ ស៊ីរីកា ទៅវិញ ខណៈដែល ស៊ូ ស៊ីរីកា ត្រូវបានគេដឹងថា ទំនេរមិនបានធ្វើអ្វីឡើយ ។ ប្រភពមួយបានបង្ហើបថា នាងមិនបានទទួលការអញ្ជើញ តើចូលរួមយ៉ាងមិចកើត ?
កញ្ញា លី អ៊ីវ៉ាធីណា បានផុសក្នុងបណ្ដាញ សង្គមផ្ទាល់ខ្លួននាងថា តើឲ្យនាងឆ្លើយប្រាប់ពិធីករយ៉ាងម៉េច ពេលនាងឡើងទូរទស្សន៍ ព្រោះនាងមានបទចម្រៀង ក្នុងពេលចូលឆ្នាំត្រឹមតែ១បទកន្លះ តែនាងឆ្លើយកុហកតែម្ដងទៅ នាងសង្ស័យថា យីអ៊ុននឹងឆុងនឹងតារាចម្រៀងណាម្នាក់ ក្នុងផលិតកម្ម។
ប៉ុន្តែប្រភពពីបុគ្គលិកក្រុមការងារ បាននិយាយថា លី អ៉ីវ៉ាធីណា កំពុងតែសំដៅលើ ស៊ូ ស៊ីរីកា តារាចម្រៀងថ្មី ថានាងមកកាច់កុង លី អ៉ីវ៉ាធីណា ធ្វើឲ្យនាង គ្មានបទចម្រៀងសម្រាប់ច្រៀង ខណៈដែលខួបកំណើត ស៊ូ ស៊ីរីកា ខាងមុខនេះ នាងក៏មិនបានខ្ចីអញ្ជើញ លី អ៉ីវ៉ាធីណា វិញដូចគ្នា ព្រោះមិនចុះសម្រុងនឹងគ្នា ។
តារាចម្រៀងទាំងពីរ មិនទាន់សុំការបំភ្លឺបានទេ ខណៈដែលអ្នកក្នុងសិល្បៈ បាននិយាយថា អ្នកទាំងពីរកំពុងតែដើរតាមគន្លង ទេព បូព្រឹក្ស និង ពេជ្រ សោភា ដែលគ្មានថ្ងៃនឹងចុះសម្រុងគ្នាឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង