ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ក្នុងចំណោមបក្ខពួកគេបីនាក់ ត្រូវបានប្រជាពលរដ្ឋ ស្ទាក់ដេញចាប់វាយទ្រោមខ្លួន ទើបប្រគល់ឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់ កាលពីវេលាម៉ោង២០និង៣០នាទី យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ី ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ និងប្អូនប្រុសអង្គុយពីក្រោយ ឈ្មោះ ឡេង ពិសាល អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1K 0689 ។ ជនសង្ស័យ ដែលត្រូចឃាត់ខ្លួនបាន ទី១ ឈ្មោះធី សុផល ហៅពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ទី២ មានឈ្មោះ ជៀក ជែម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយម្នាក់ទៀត ដែលរត់គេចខ្លួនបាត់នោះ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេជាជនដៃដល់។
តាមជនរងគ្រោះរៀបរាប់ ប្រាប់នគរបាលថា មុនពេលកើតហេតុពួកគេទាំងពីរនាក់ បានរើឥវ៉ាន់ចេញពីបន្ទប់ចាស់ ទៅកាន់បន្ទប់ថ្មី ដោយបានដឹកឥវ៉ាន់តាមម៉ូតូ ដោយឲ្យឌុបប្អូនប្រុសអង្គុយឱបឥវ៉ាន់ពីក្រោយ។ លុះពេលឌុបគ្នាចេញបានបន្តិច ស្រាប់តែមានជនសង្ស័យបីនាក់ ដើរមកពីមកមុខ ពេលមកដល់ទន្ទឹមគ្នានោះ ស្រាប់តែម្នាក់ក្នុងចំណោមបក្ខពួកគេ យាដាវកាប់សំដៅមកលើជនរងគ្រោះទាំងពីរ ប៉ុន្តែត្រូវបានប្អូនប្រុសអង្គុយពីក្រោយ លើកថង់ឥវ៉ាន់រងជាប់ ពុំបណ្តាលឲ្យត្រូវ មនុស្សនោះទេ។ ហើយជនរងគ្រោះ ក៏បានស្រែកចោរៗ ទើបប្រជាពលរដ្ឋបានដឹង និងនាំគ្នាចេញមកធ្វើអន្តរាគមន៍ ដេញចាប់បានជនសង្ស័យ២នាក់ វាយ១ដៃ១ជើង ឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យនគរបាល ចំណែកឯជនដៃដល់បានកាន់ដាវរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋានផ្នែកជំនាញ ព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់ តុលាការចាត់ការទៅតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល