CamNews

តារា 

លោកយាយ ណយ សំណាង ជំងឺបេះដូងធ្វើទុក្ខខ្លាំង ថប់ដង្ហើមបាត់មាត់បាត់ក ពេលកំពុងថតកុន

(ភ្នំពេញ)៖ តារាសម្តែង និងកំប្លែងជើងចាស់ ដែលកំពុងមានជំងឺស្ពាយជាប់ខ្លួន រស់នៅដោយកំសត់ តែលតោលម្នាក់ឯង លោកយាយ ណយ សំណាង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ម្សិល​មិ​ញនេះ​ ស្រាប់អាការៈជំងឺ​បេះដូង បានផ្តើមធ្វើទុក្ខ​ជា​ថ្មី ខណៈកំពុងត​ថសម្តែងខ្សែភាពយន្ត​ បង្កការភ្ញាក់ផ្អើល ដល់តារាសម្តែងផ្សេងៗទៀត នាំគ្នារត់ខ្វែងដៃខ្វែងជើង ដើម្បីជួយ​ស​ង្គ្រោះ​​គាត់យកទៅកាន់មន្ទីរពេទ្យ។

​តាមការបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងប្រុសល្បីឈ្មោះ និងលេចធ្លោលើសកម្មភាពមនុស្សធម៌ លោក សាវិន ហ្វីលីព បានបញ្ជាក់ថា «ម្សិលមិញជួយយាយ ណាង ពេលបេះដូងគាត់ធ្វើទុក្ខខ្លាំង ថប់ដង្ហើមបាត់មាត់ បាត់ក ពេលកំពុងថត​ ជាមួយខ្ញុំ។ អាណិតគា​ត់ណាស់ ម៉ែ​យើងម៉ែគេ គាត់អាយុ៧៣ឆ្នាំហើយ នៅមកខំថត ដើម្បីកម្រៃចិញ្ចឹមជីវិតចុងក្រោយទៀត!»។

តារាសម្តែងលោក សាវិន ហ្វីលីព បានបន្ថែមថា «ជូនពរឲ្យ​ម៉ែ ណយ សំណាង ឆាប់ជា និងមានអាយុយឺនយូរ។ សូមសមាគមសិល្បៈ និងសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាជួយបរិច្ចា​គថវិកា​ខ្លះៗ ជួយដល់គាត់យកបុណ្យផង សុខភាពគាត់យ៉ាប់ខ្លាំងណាស់ បើលោកអ្នកបានឃើ​ញញផ្ទាល់ភ្នែក ដូចខ្ញុំ!»។

សូមបញ្ជាក់ថា តារាពហុជំនាញ លោកយាយ ណយ សំណាង បច្ចុប្បន្ននៅក្នុងខ្លួនគាត់ គឺកំពុងពោពេញ​ការញាំញី ដោយជំងឺជាច្រើន​មុខ ដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង ​ហើយមិនតែប៉ុណ្ណោះ យាយ ណាង នៅប្រឹងសម្តែងទាំងដង្ហើម ត្រដរខ្យល់ ព្រោះដើម្បីជីវិត​រស់ចុងក្រោយ។ ខ្សែជីវិតរបស់យាយ ណយ សំណាង ពេលនេះត្រូវបានគេកត់សម្គាល់ថា ​កាន់​តែកម្សត់ជីវភាព រស់នៅប្រចាំថ្ងៃ ក៏កាន់តែធ្លាក់​ដុនដាប់ វេចបង្វេចដើរជួលតែផ្ទះគេ ជ្រក​​កោន​ហើ​យរហូតធ្លាក់ខ្លួន ទៅរស់នៅវត្តទៀតផង។

នេះដូចពាក្យគេថា សំណាងតែឈ្មោះ ពីរោះទាំង​សំឡេង​ និងមានសមត្ថភាព កំប្លែង ច្រៀងអាយ៉ៃ មហោរី និងថែមទាំងមានងារ​ពី​ប្រជាប្រិយភាព លើវិថី​សិល្បៈតារាជើងចាស់​ ពហុជំនាញទៀត តែវាសនា​ចារមិនដូចឈ្មោះនោះឡើយ ពិ​តជាអាណិត​​លោកយាយណាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង