CamNews

ព័ត៌មានជាតិ 

ស្មានតែអស់គ្រាប់ មន្រ្តី អ.ហ ម្នាក់ ដកកាំភ្លើងបាញ់ បង្អួតសង្សារ ផ្ទុះធ្លាយក្បាលស្លាប់

ភ្នំពេញ៖ មន្រ្តីកងរាជអាវុធហត្ថម្នាក់ បម្រើការនៅទីស្នាក់ការ ព្រែកចាក ខេត្តកំពត ត្រូវបានគ្រាប់កាំភ្លើងផ្ទុះធ្លាយក្បាលស្លាប់ភ្លាមៗនៅក្នុងផ្ទះសំណាក់មហាសាល ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣។

ការផ្ទុះកាំភ្លើងសម្លាប់មន្រ្តីកងរាជអាវុធហត្ថនេះ មិនទាន់មានការបញ្ជាក់ឲ្យបានជាក់លាក់ពីសមត្ថកិច្ចនៅឡើយទេ។ តែតាមប្រភពព័ត៌មានជំហានដំបូងពីសង្សាររបស់ជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំសង្សាររបស់ខ្លួនចូលទៅដេកនៅក្នុងផ្ទះសំណាក់ខាងលើ បន្ទាប់មកក៏ដកកាំភ្លើងអាឡូរបស់ខ្លួនមកភ្ជង់ក្បាលហើយកេះបាញ់ជាច្រើនដង ដោយសំអាងថា ក្នុងកាំភ្លើង ខ្លួនបានយកគ្រាប់ចេញអស់ទៅហើយ។

បើតាមការបញ្ជាក់ពីស្រ្តីជាសង្សារបន្តថា ជាអកុសលនៅក្នុងកាំភ្លើងនៅមានគ្រាប់មួយគ្រាប់ទៀត ក៏បណ្តាលឲ្យផ្ទុះ ឡើងទម្លាយក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

មន្រ្តីកងរាជអាវុធហត្ថ ដែលយកជីវិតប្រលែងលេងនឹងកាំភ្លើង ព្រោះចង់បង្ហាញភាពសង្ហារបស់ខ្លួនឲ្យសង្សារមើលនេះ មានឈ្មោះ ហែម ហៀប អាយុ ជាង ៣០ឆ្នាំ បម្រើការនៅទីស្នាក់ការកងរាជអាវុធហត្ថព្រែកចាក ក្នុងខេត្តកំពត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news