ភ្នំពេញ : នារីវ័យក្មេងម្នាក់ បានបញ្ចេញកំហឹង វាយកំទេចកញ្ចក់រថយន្ត កាមរីបាឡែន ទាំងមុខទាំងក្រោយ និង ស្រែកជេរខ្លាំងៗ អមដោយកាយវិការច្រងេងច្រងាង នៅតាមផ្លូវនុខណាហ្កាវើល ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ តាមផ្លូវនាំគ្នាចោមរោមមើល កាលវេលាម៉ោងជាង៩យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ ។
ក្រោយការសួរនាំ និងស្តាប់ នូវការស្រែកចំទាលខ្លាំងៗ របស់នារីវ័យក្មេងរូបនេះ ទើបដឹងថា នាងខឹងសម្បា ដោយសារតែតាមទាន់ និងឃើញប្តីរបស់ខ្លួន ដែលដេកអោបរាល់យប់ កំពុងជិះរថយន្តជាមួយ ស្រីក្មេងម្នាក់ ដោយនាងចោទថា ស្រីក្មេងម្នាក់ បានដណ្តើមប្តី របស់នាង ខណ:ដែលនាងទើបប្រសូត្របុត្រ បានរយ:ពេល ៤ខែប៉ុណ្ណោះ ។
សាក្សីនៅកន្លែងកើតហេតុ ដែលសួរនាំ និងដឹងរឿងរ៉ាវ ខាងលើនេះ បាននិយាយថា នារីវ័យក្មេង ដែលស្រែកជេរ និងវាយបំបែកកញ្ចក់រថយន្ត កាមរីបាឡែនពណ៌ស ព្រោះតែមិត្តស្រីរបស់ខ្លួន បានទៅដណ្តើមប្តីនាង ហើយនារី រូបនេះ ថែមទាំងទិញរថយន្តថ្មីខាងលើនេះ ឲ្យប្តីរបស់ខ្លួនជិះទៀតផង ។
សាក្សីបានបន្តថា រថយន្តដែលត្រូវនារីវ័យក្មេងរូបនេះ វាយបំផ្លាញបណ្តាល ឲ្យបែកកញ្ចក់មុខក្រោយ ទើបនឹង ទិញបាន ២ថ្ងៃប៉ុណ្ណោះ ។
យ៉ាងណាណាក៏ដោយ ក្នុងហេតុការណផ្ទុះជម្លោះ ផ្អើលគេផ្អើលឯងខាងលើនេះបុរសជាប្តីបានរត់គេចខ្លួន បាត់ មិនទទួលខុសត្រូវ និងចេញមុខបកស្រាយនោះឡើយ ។
អធិការនគរបាលខណ្ឌ ចំការមន លោក យិន សាន បាននិយាយថា ករណីនេះ ក្រោយកើតហេតុ ភាគីទាំងខាង បានសម្របសម្រួលគ្នាចប់ ហើយត្រឡប់ទៅផ្ទះរៀងៗខ្លួន។ បើតាមសាក្សី ការខូចខាត ទាំងរថយន្តនេះ គឺប្រពន្ឋដើម ជាអ្នកចេញសង ។ យ៉ាងណាក៏ដោយគ្មាននរណាម្នាក់ ស្គាល់អត្តសញ្ញាណពួកគេទាំង៣នាក់នេះឡើយ ៕