CamNews

ព័ត៌មានជាតិ 

ជនបរទេស ២នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់ ក្នុងពេលតែ១ នៅម្តុំផ្សារកណ្តាល

ភ្នំពេញៈ ជនបរទេស២នាក់ ដែលម្នាក់ ជាជនជាតិ អូស្ត្រាលី និងម្នាក់ទៀត ជាជនជាតិស្បែក
ខ្មៅ ត្រូវបាន គេប្រទះឃើញ ដេកស្លាប់ ក្នុងពេលតែមួយ នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌ
ដូនពេញ រាជធានីភ្នំពេញ ដោយពុំទាន់ ដឹងមូលហេតុច្បាស់លាស់ ។

យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលា ម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី
១១ ខែ មករា ឆ្នាំ២០១៣ មានជនបរទេសម្នាក់ (ជនជាតិស្បែកខ្មៅ) ឈ្មោះ “ចន” បានដេកស្លាប់
លើបង់ មួយកន្លែង ខាងមុខហាងមេស្ស (អ៊ុតសក់បុរសនារី) នៅតាមបណ្ដោយផ្លូវលេខ ១៣០
កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។ សពបុរសជនជាតិស្បែកខ្មៅនេះ
ត្រូវបានគេរាយការណ៍ថា រូបគាត់ បានដើរ ទ្រេតទ្រោធ ទំនងជាស្រវឹងស្រា ហើយឈប់ដេក នៅ
កន្លែងកើតហេតុ កាលពីយប់ ថ្ងៃទី១០ ខែមករា ប៉ុន្តែគេពុំដឹងថា គាត់បានផុតដង្ហើម តាំងពី ពេល
ណានោះទេ លុះដល់ពេលព្រលឹមឡើង អ្នកស្រុក ក៏នាំគ្នា ផ្អើលឆោឡោ ថាគាត់បានដេកស្លាប់
តែម្តង ។ តែទោះជាយ៉ាងណា សមត្ថកិច្ច បានសន្និដ្ឋាន ជំហ៊ានដំបូងថា ជនបរទេសម្នាក់នេះ បាន
ស្លាប់ ដោយសារតែជំងឺគាំងបេះដូង។

ដោយឡែក ក្រោយហេតុការណ៍ ប្រទះឃើញជនជាតិស្បែកខ្មៅ ខាងលើដេកស្លាប់លើបង់ ប្រ
មាណ ១ម៉ោងក្រោយមក ពោលគឺម៉ោង៩ និង១០នាទី ព្រឹកថ្ងៃទី១១ ខែមករាដែរ ក៏មានបុរសជន
ជាតិ អូស្ដ្រាលីម្នាក់ទៀតត្រូវបានបុគ្គលិកសណ្ឋាគារ ប្រទះឃើញដេក ស្លាប់នៅបន្ទប់លេខ៥១៣
នៃសណ្ឋាគារ អូហាណា តាមបណ្ដោយផ្លូវលេខ ១៤៨ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារ កណ្ដាល
ទី១ ខណ្ឌដូនពេញ ដោយពុំដឹងមូលហេតុ។ មិត្តភ័ក្តិជនរងគ្រោះ បាននិយាយថា បុរសជនជាតិ អូ
ស្ដ្រាលី មានឈ្មោះ “ចន” ដែរ អាយុ៣៩ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ។

តែប្រភពមួយផ្សេងទៀត បានឱ្យដឹងថា ជនរងគ្រោះ និងមិត្តភ័ក្តិរបស់គេ បានមកជួលដេក នៅ
សណ្ឋាគារអូហាណា នៅយប់ថ្ងៃទី១០ ខែមករា ប៉ុន្តែគេពុំដឹងថា នៅពេលដែលជនរងគ្រោះស្លាប់
នោះ ជនជាតិបរទេស ដែលជាមិត្តភ័ក្តិរបស់គេ នៅដេកជាមួយគ្នាដែរ ឬក៏អត់នោះទេ។

សរុបមក គ្រាន់តែ១យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នៅម្តុំផ្សារកណ្តាល មានជនបរទេសដេក
ស្លាប់រហូតដល់ទៅ២នាក់ តែទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់រកឃើញ ពីមូលហេតុច្បាស់
លាស់នៃការស្លាប់ របស់ ពួកគេទាំង២នាក់នេះ នៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ