CamNews

តារា 

ម៉េង កែវពេជ្ជតា ៖ «ខ្ញុំគាំទ្រផលិតផលខ្មែរ តែមិនគួរប៉ាក់រូបប្រាសាទអង្គរវត្តលើកន្លេលដូច្នេះទេ»

(ភ្នំពេញ)៖ កំពូលតារាចម្រៀងចាស់វស្សា សំឡេងពីរោះរណ្តំចិត្ត ប្រៀបនឹងរៃកណ្តឹង អ្នកនាង ម៉េង កែវពេជ្ជតា ក្រោយពីបានប្រទះឃើញ នៅលើផលិតផលកន្លេលរបស់ខ្មែរ ដែលត្រូវ​បា​ន​អ្ន​ក​ផ​លិតច្នៃឡើង ដើម្បីឲ្យមានភាពប្លែក និងទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជន ទិញយក​ទៅ​​ប្រើ​ប្រាស់ ដោយសុខ​ចិត្តប៉ាក់​រូបប្រាសាទអង្គរវត្ត នៅលើកន្លេល ភ្លាមៗនោះ អ្នកនាង ម៉េង កែវ ពេជ្ជតា ក៏បានថតបង្ហោះភ្ជាប់ ជាមួយការស្នើឲ្យអ្នកផលិត បញ្ឈប់ការយករូបប្រា​សាទអង្គរវត្ត​ ម​កប៉ាក់លើកន្លេល ដូច្នេះទៀត ព្រោះវាមើលទៅហាក់​មិនគប្បីទាល់តែសោះ។

តារាចម្រៀងសំឡេងស្រទន់ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើបណ្តាញ សង្គ​មហ្វេ​ស​ប៊ុករបស់ខ្លួនថា ​«តើអ្នកគិតដូចខ្ញុំទេ? កន្ទេលទាំងនេះ​ជាស្នាដៃ និងជារបស់ខ្មែ ។ ការគាំទ្រផលិតផលខ្មែរ គឺជារឿងមួយដ៏ប្រពៃណាស់ ព្រោះអាចមានបច្ច័យល្អច្រើន ចំពោះប្រទេស ក៏ដូចជាប្រជាពលរដ្ឋខ្មែរ​ទាំង​មូល ដូច្នេះការផលិតអ្វីក៏ដោយ ចាំបាច់ត្រូវគិតពីផល ដែលទទួលទាំងវិជ្ជមាន និងអវិជ្ជមាន កន្ទេលដែលថតបង្ហាញនេះមួយ មានរូបភាពប្រាសាទអង្គរវត្ត!»។

អ្នកនាង ម៉េង កែវពេជ្ជតា បានសង្កត់ធ្ងន់ទៀតថា «ប្រសិនបើកន្ទេលនេះ ជាកន្ទេលសម្រាប់ដាក់តាំងលើជញ្ជាំង ដាក់លម្អ​លើតុ នោះមិនថ្វីទេ តែបើជាកន្ទេល សម្រាប់ក្រាលគេងអង្គុយលើ ដើ​​រជាន់ពីលើ ឬ​យកទៅប្រើប្រាស់ក្នុងលក្ខខណ្ឌ ដែលមិនសមរម្យនោះ ពិតជាមិនត្រឹមត្រូវឡើយ ព្រោះវាខុសឆ្គង និងប៉ះពាល់ខ្លាំងណាស់ ហើយប៉ះពាល់អ្វីខ្លះនោះ បងប្អូនប្រាកដជាជ្រាបច្បាស់ ។ តាមការគិតរបស់ខ្ញុំ បើអាចឈប់បានគួរតែឈប់!»។

តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បានបន្ថែមដោយស្នើ​ដល់​អ្នក​ផលិតថា «អ្នកផលិតអាចច្នៃជារូបអ្វី ក៏បាន គ្រាន់តែចៀសវាងរូបភាពប៉ះពាល់។ ចង់ជម្រាបថា នាងខ្ញុំគាំទ្រផលិតផ​លខ្មែរជារៀងរហូត សូមញ្ជើញអនុមោទនាថ្ងៃសីល ទាំងអស់គ្នាណា៎ !»។

យ៉ាងណាមិញបន្ទាប់ ពី​មា​នការបញ្ចេញមិតបែបនេះ ពីសំណាក់តារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា នៅលើបណ្តាញ​សង្គម​របស់ខ្លួន កាលពីថ្ងៃ​ម្សិលមិញនេះ គេសង្កេតឃើញមានអ្នកនិយម លេងបណ្តាញសង្គម​ហ្វេ​ស​​ប៊ុកជាច្រើន បង្ហាញអារម្មណ៍ យល់ស្របដូចអ្នកនាង ហើយក៏មានការ Shaer ដោយស្នើរ​ឲ្យ​អ្នកផលិត បញ្ឈប់ការយករូបប្រាសាទអង្គរវត្ត ទៅប៉ាក់លើកន្លេល ដូច្នេះទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង