ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលើកឡើងថា ស្ថានភាពប្រឡងមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប នៅឆ្នាំ២០១៥នេះ មានភាពល្អប្រសើរជាងឆ្នាំ២០១៤។ ល្អប្រសើរ ក៏ព្រោះតែសិស្សមានទឹកមុខស្រស់ស្រាយ ហាក់បានត្រៀមលក្ខណៈទុកជាមុន មិនដូចឆ្នាំទៅនោះទេ សិស្សហាក់មានអារម្មណ៍ភ័យព្រួយច្រើន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាស ទៅចូលរួមបើកវិញ្ញាសារប្រឡង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នាវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះ សិស្សមានការត្រៀមបានល្អ ដោយមិនបានយក សំណៅឯកសារចូល ឬទូរស័ព្ទចូលដូចឆ្នាំមុនទេ ព្រោះកាលពីឆ្នាំមុន នៅមាត់ទ្វារសាលា មានសំណៅឯកសារច្រើនណាស់ ដែលសិស្សនាំចូល ប៉ុន្តែឆ្នាំនេះអត់មានទេ។
លោកថា «ឆ្នាំនេះសិស្សមានទឹកមុខស្រស់ស្រាយជាងឆ្នាំមុន ព្រោះគាត់បានត្រៀមលក្ខណៈរួចហើយ មិនមានការភិតភ័យអីនោះទេ។ អីចឹងអ្វីដែលយើងបារម្ភ កាលពីឆ្នាំមុន យើងមិនដឹងថា សិស្សភិតភ័យ អីចឹងយើងឃើញថា កាលពីឆ្នាំមុនមានសិស្សខ្លះសន្លប់អីជាដើម សង្ឃឹមថាឆ្នាំនេះ ប្រហែលជាអត់មានទេ ដោយសារតែគាត់ដឹងពីអ្នកចូលរួម ដូចអ្នកសង្កេតអីហ្នឹង អីចឹងគាត់មិនភ័យទេ»។
លោករដ្ឋមន្ត្រី បានបន្ថែមថា មិនត្រឹមតែស្ថានភាពនៅក្នុងសាលាទេ ដែលមានភាពល្អប្រសើរជាងឆ្នាំមុននោះ ស្ថានភាព នៅក្រៅ និងជិតសាលា ក៏មានរបៀបរៀបរយ ផងដែរ មិនដូចពីឆ្នាំមុននៅ ជិតសាលាព្រះស៊ីសុវត្ថិនេះ នៅម៉ោង ៤ទៀបភ្លឺ នៅកន្លែងកូពីជិតសាលា មានកូពីប្រ៊ីយ៉ុងឲ្យសិស្ស តែឆ្នាំនេះត្រូវបានបិទ។
បេក្ខនារីម្នាក់ឈ្មោះ តេង វួចលីង ជាសិស្សរៀន នៅវិទ្យាល័យព្រះយុគន្ធរ ដែលបានមកប្រឡង នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កញ្ញាមានសង្ឃឹមត្រឹមតែ ៥០-៦០តែប៉ុណ្ណោះ នៅក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ព្រោះមិនសូវយល់ដឹងទាំងអស់ ទៅលើវិញ្ញាសារមួយចំនួន។
ចំពោះមេរៀនសង្ខេបរបស់ក្រអប់រំ ដែលបានដាក់ឲ្យ សិស្សរៀនបំប៉នបន្ថែមនោះ ត្រូវបានកញ្ញាបញ្ជាក់ថា «វិញ្ញាសារដែលក្រសួងដាក់ឲ្យនោះ គឺមេរៀនគីមីវិទ្យា មានការងាយស្រួលច្រើនជាងគេ ព្រោះថា គណិតវិទ្យាពិបាកមើលឲ្យយល់ ព្រោះខាងក្រសួងគាត់កាត់ពេក»។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០១៥នេះ មានបន្ទប់ប្រឡងចំនួន ៣.៥៧៦បន្ទប់ និងមានបេក្ខជនចំនួន ៨៨.៤៨៨នាក់។ ការប្រឡងត្រូវបានធ្វើឡើងជាមួយលក្ខខណ្ឌ និងការយាមកាមយ៉ាងតឹងរឹង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល