ភ្នំពេញ ៖ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ចំនួន ២០ខ្នង ទំហំ ៤ម៉ែត្រ គុណ៤ម៉ែត្រ និងសិប្បកម្មកែឆ្នៃឈើទំហំ ៨ម៉ែត្រគុណ៣០ម៉ែត្រមួយខ្នង ស្ថិតនៅ ក្រុមទី៥ ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ប្រហែល ១និង៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋ អាជ្ញាធរភ័យ និងសមត្ថកិច្ច រត់ចែកជើងគ្នា ទាំងកណ្តាលអាធ្រាត្រ ក្នុងការជួយ អន្តរាគមន៍ពន្លត់ភ្លើង ។
យោងតាម សេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ដពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនភ្លាមៗ ទៅកន្លែងកើតហេតុ រួមទាំងការ ជួយអន្ដរាគមន៍ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ អស់ ១២គ្រឿង ស្មើ ៤៤ជើង ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីមានការអន្តរាគមន៍របស់សមត្ថកិច្ច ពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយ លោកអភិបាលខណ្ឌ គួច ចំរើន មេបញ្ជាបញ្ជាការអាវុធហត្ថខណ្ឌ លោក គិត សុផល និងលោកនេត វត្ថា នាយការិយាល័យពន្លត់អគ្គិភ័យ ភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង ៣ និង១៥នាទីទាបភ្លឺ ។
លោក ទេព បូរ៉ា នាយនគរបាល ប៉ុស្តិ៍ច្បារអំពៅទី២ បានឲ្យដឹងជាជំហានដំបូងថា អគ្គិភ័យនេះ កើតឡើងមកពី ឆ្លងចរន្តអគ្គិសនី ។
លោក នេត វត្ថា បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ សំ សារ៉ន ភេទស្រីអាយុ៥៨ឆ្នាំ មានមុខរបរលក់ពងគ្រូច និងសណ្តែកដីស្ងា។ លោកបានបន្តបញ្ជាក់ថា ហេតុការណ៍នេះបណ្តាលមកពីឆ្លងចរន្តអគ្គិភ័យ ហើយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ប្រើអស់៤៤ជើង។ យ៉ាងណាក៏ដោយ លោកបានបន្តថា គ្មាននរណាម្នាក់ រងគ្រោះដោយសារតែអគ្គិភ័យនេះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល