ព្រះវិហារ៖ មានគ្រោះថ្នាក់ ចរាចរណ៍មួយ គួរឲ្យរន្ធត់ នៅវេលាម៉ោង ៨៖១០នាទី យប់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣ រវាងរថយន្ត TAKOMA បុកពីក្រោយ រថយន្ត FUSO ប្រភេទ យីឌុបធ្វើ ដំណើរស្របគ្នា ពីជើងទៅត្បូង បានបុកពេញទំហឹង នៅត្រង់ចំណុចចន្លោះ គីឡូម៉ែត្រ ៥៤-៥៥ ផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បណ្តាលឲ្យអនុប្រធាន មន្ទីរបរិស្ថានខេត្តស្លាប់ និងមន្រ្តីយោធា ដែលរួមដំណើរ បានរងរបួសធ្ងន់ ។
លោកវីរៈសេនីត្រីយ៍ សាយ ដេត អធិការនគរបាល ស្រុករវៀង បានប្រាប់ អ្នកយកព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត TAKOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-1160 បើកបរដោយ ឈ្មោះ គង់ សម្បត្តិ ភេទប្រុស មានមុខងារជា អនុប្រធាន មន្ទីរបរិស្ថាន ខេត្តព្រះវិហារ និងជានាយកគ្រប់គ្រង ដែនជំរក សត្វព្រៃបឹងពេរ និងឈ្មោះ ផន សារឿន ភេទ ប្រុស មានមុខងារ ជាមន្ត្រីយោធា តំបន់សឹករង ខេត្តព្រះវិហារ ជាអ្នកជិះជាមួយ បានបុករថយន្តម៉ាក FUSO ប្រភេទ យី ឌុប ពីក្រោយ ពេញទំហឹងធ្វើឲ្យរថយន្ត TAKOMA ជាប់គូទពីក្រោយរថយន្ត FUSO អូសចំងាយ ប្រមាណប្រវែង ១៣០០ម៉ែត្រ បណ្ដាលឲ្យ អ្នកជិះរថយន្ត TAKOMA ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរ រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូន ទៅមន្ទីរពេទ្យនៅ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរ នៅក្នុងស្រុករវៀង នៅដើមខែធ្នូ រហូតមក ដល់ចុងខែធ្នូ មានគ្រោះថ្នាក់ ចរាចរណ៍សរុប ៥លើក ទាំងលើកនេះ ហើយមានចំនួន មនុស្សស្លាប់ ៥នាក់ ស្រី១នាក់ របួសធ្ងន់ ៨នាក់ របួសស្រាល ១៥នាក់ ស្រី ៥នាក់ រថយន្តខូចខាត ៥គ្រឿង និងម៉ូតូ១គ្រឿង៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល