CamNews

ព័ត៌មានជាតិ 

បោះទុន ៤លានដុល្លារ បើក​រោងចក្រ​ផលិត បន្ទះ​អេក្រង់​ស្មាតហ្វូន នៅ​កម្ពុជា

ភ្នំពេញ៖ វិនិយោគិនជប៉ុន បានសហការ ជាមួយក្រុមហ៊ុនកម្ពុជា បោះទុននូវទឹកប្រាក់ ៤លានដុល្លារអាម៉េរិក ដើម្បីបើករោងចក្រផលិតបន្ទះអេក្រង់ស្មាតហ្វូន ដំបូងគេបង្អស់នៅ ប្រទេសកម្ពុជា នាំចេញទៅផ្គត់ផ្គង់ ក្រុមហ៊ុនស្មាតហ្វូនល្បីៗ នោះលើពិភពលោក។

ការវិនិយោគនេះជា ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន AAP International Cambodia Co,.Ltd របស់កម្ពុជា និង ក្រុមហ៊ុន Taitech Solution Co.,Ltd របស់ជប៉ុន ដែលមានចក្រផលិត អេក្រង់ស្មាតហ្វូន Tablet កាមេរ៉ា នៅជប៉ុន ចិន កូរ៉េជាដើម នឹងបង្កើតក្រុមហ៊ុនថ្មីមួយផ្សេងទៀត ដើម្បីបើករោងចក្រ ផលិតបន្ទះអេក្រង់ ស្មាតហ្វូននៅកម្ពុជា ។

លោក កុនណុ កក្កដា អគ្គនាយក្រុមហ៊ុន AAP International Cambodia បានថ្លែងប្រាប់ អ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ថា រោងចក្រដែលផលិតអេក្រង់ ទូរស័ព្ទស្មាតហ្វូនដំបូងគេនៅកម្ពុជា នេះនឹងត្រូវចាប់ផ្តើម សាងសង់នៅកំឡុងខែតុលា ឬ វិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ លើផ្ទៃដី២ហិកតា នាខេត្តបន្ទាយមានជ័យ ដោយក្នុងនោះក្រុមហ៊ុន របស់លោកកាន់កាប់ភាគហ៊ុន ៥១ភាគរយ ខណៈក្រុមហ៊ុន Taitech Solution មានភាគហ៊ុនចំនួន៤៩ភាគរយ ហើយអាចនឹងរួចរាល់ដំ ណើរការបាននៅខែ វិច្ឆិកាឆ្នាំ២០១៥។

លោកបន្តថា «រោងចក្រផលិតបន្ទះអេក្រង់នេះ នឹងក្លាយជារោងចក្រដំបូងគេ ដែលផលិតបន្ទះ អេក្រង់នៅកម្ពុជា ខណៈប្រទេសនេះពោរពេញ ទៅដោយរោងចក្រកាត់ដេរ និងឧបករណ៍អេឡិចត្រូនិច។ យើងរំពឹងថា ជោគជ័យនៃរោងចក្រ របស់យើងនឹងនាំមកនូវ រោងចក្ររបស់ជប៉ុនជាច្រើនទៀត មកបើកនៅកម្ពុជា» ។

អគ្គនាយកក្រុមហ៊ុន Taitech Solutions លោក Atsushi Osawa បានមានប្រសាសន៍ផងដែរថា រោងចក្រផលិតបន្ទះ អេក្រង់ស្មាតហ្វូនដំបូង គេនៅកម្ពុជា នឹងផលិតបន្ទះអេក្រង់ ស្មាតហ្វូនដើម្បីយកទៅផ្គត់ផ្គង់ ដល់ក្រុមហ៊ុនផលិតស្មាតហ្វូន Tablet ល្បីៗរបស់ពិភពលោក ខណៈរោងចក្ររបស់ លោកនៅជប៉ុន បានកំពុងផ្គត់ផ្គង់បន្ទះអេក្រង់ទៅឲ្យ ក្រុមហ៊ុនទាំងនោះស្រាប់។

លោកបន្ថែមថា «យើងនឹងធ្វើការបណ្តុះបណ្តាលកម្មកររបស់យើងឲ្យមានជំនាញច្បាស់លាស់ ដើម្បីឲ្យពួកគេអាចធ្វើការងារបានហើយ ថែមទាំងទទួលបានប្រាក់ខែសមរម្យទៀតផង»។

លោក កុនណុ កក្កដា បានឲ្យដឹងទៀតថា អ្វីដែលជំរុញឲ្យក្រុមហ៊ុនលោក និងក្រុមហ៊ុនមកពីជប៉ុន ចាប់អារម្មណ៍ចង់បើករោងចក្រផលិតអេក្រង់ស្មាតហ្វូននៅកម្ពុជា ក្រៅព្រោះតែកម្ពុជា មានស្ថិរភាពនយោបានល្អ មានតម្លៃកម្លាំងពលកម្មសមរម្យ ខណៈដែលប្រទេសជិតខាងកម្ពុជា ដូចជាថៃ និង វៀតណាម កំពុងតែយាយីដោយបញ្ហានយោបាយ និងបញ្ហាជម្លោះទឹកដី ដែលធ្វើវិនិយោគិនត្រូវស្វែងរកទីតាំងថ្មី ។

ប្រទេសជប៉ុននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា កំពុងតែបង្កើតការវិនិយោគមកលើកម្ពុជា តាមរយៈការបើករោងចក្រកាត់ដេរ រោងកច្រដំឡើងម៉ូទ័រ រោងចក្រផលិតគ្រឿងអេឡិចត្រូចិននៅកម្ពុជា ហើយជប៉ុនក៏ជាប្រទេសដែលផ្តល់ជំនួយយ៉ាងច្រើនដល់ប្រទេសកម្ពុជាផងដែរ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news