CamNews

ព័ត៌មានជាតិ 

អធិការរង នគរបាល ក្រុងសិរីសោភ័ណ ត្រូវក្មេងស្ទាវ វាយក្បាលនឹងស្បែកជើង ពេលចុះអន្តរាគមន៍ រឿង រថយន្តបុក

បន្ទាយមានជ័យ ៖ លោក សោម សារ៉េត អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ទទួល ផែនចរាចរ កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ វេលាម៉ោងកន្លងទៅ ត្រូវក្រុមស្ទាវ មានគ្នាប្រមាណ ជាង១០នាក់បានព្រួតគ្នាវាយ ខណៈដែលលោកចុះអន្តរាគមន៍ ពេលឃើញរថយន្តក្មេងស្ទាវមួយគ្រឿង បើកដេញបុកម៉ូតូមួយគ្រឿង ហើយបានវេចង្កូតទៅបុក របងផ្ទះប្រជាពលរដ្ឋនៅភូមិគោរដ្ឋាន សង្កាត់អូរ អំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងហេតុការណ៍នោះ លោក សោម សារ៉េត ត្រូវក្រុមស្ទាវវាយរហូតទ្រោមខ្លួន និងរបួសដៃជើង ហើយត្រូវ គេបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យទាំងយប់ ។ អ្វីដែលគួរឲ្យហួសចិត្តនោះ ប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍បានរិះគន់ថា ពេលប្រវាយប្រតប់ក៏មាននគរបាលចរាចរណ៍ ស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ ៤ទៅ៥ នាក់ ដែលដឹកនាំដោយលោក អ៊ិច ចុះមកដែរ តែគ្មាននរណាម្នាក់ ជួយឃាត់ និង ចាប់ក្មេងស្ទាវទាំងនោះទេ បែរជានាំគ្នាឈរមើលធ្វើព្រងើយទៅវិញ ។

ក្រុមស្ទាវទាំងនោះ ត្រូវបានគេដឹងថា ជាក្រុមបើករថយន្តដឹកផ្លែឈើ ពីជាយដែនប៉ោយប៉ែត ទៅបោះឲ្យ ម៉ូយនៅក្រុងសិរីសោភ័ណរៀងរាល់ថ្ងៃ ។ ក្រោយវាយបោចសក់ ទះកំភ្លៀង និងយកស្បែកជើង វាយក្បាល លោក សោម សារ៉េត ហើយពួកក្មេងស្ទាវទាំងនោះបើករថយន្តចេញទៅដោយសុវត្ថិភាព មកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤នេះហើយ ក៏មិនទាន់ចាប់ខ្លួនពួកជនបង្កទាំងនោះ បានម្នាក់នៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News