CamNews

ព័ត៌មានជាតិ 

លទ្ធផលបាក់ឌុប នឹងប្រកាសជាផ្លូវការ នៅម៉ោង ៣រសៀលនេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់ខ្លួនថា លទ្ធផល នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នោះ នឹងត្រូវប្រកាសនៅម៉ោង ៣រសៀលថ្ងៃទី១២ ខែ កញ្ញានេះហើយ សម្រាប់នៅមណ្ឌលរាជធានីភ្នំពេញ និង ខេត្តកណ្តាល។ ដោយឡែកបណ្តាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសលទ្ធផលនៅម៉ោង ៧ព្រឹកថ្ងៃទី១៣ ខែកញ្ញា។

សូមបញ្ជាក់ថា តាមការគ្រោងទុកលទ្ធផលប្រឡងនេះ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី១៥-១៦ ខែកញ្ញា តែត្រូវ បានប្តូរកាលបរិច្ឆេទមកផ្សាយនៅថ្ងៃទី១២-១៣ ខែកញ្ញា វិញ។ ការប្តូរកាលបរិច្ឆេទនេះ ត្រូវបានក្រសួងបញ្ជាក់ថា ដោយសារការត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់ពិន្ទុ របស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ និង ពុំមាន បាតុភាពមិនប្រក្រតីណាមួយកើតឡើង ជាហេតុធ្វើឲ្យដំណើរការការងារទាំងស្រុងបញ្ចប់មុនការគ្រោងទុក។

ក្រសួងអប់រំ ក៏បានឲ្យដឹងផងដែរថា ការបោះពុម្ពផ្សាយលទ្ធផលប្រឡង ដែលចាប់ផ្តើមធ្វើឡើងនៅម៉ោង ៧ និង ៣០នាទីព្រឹកមិញនេះ ត្រូវបានចូលពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ ពីលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំមានបេក្ខជនជិត ៩ម៉ឺននាក់។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួង អប់រំ លោក រស់ សាលីន ធ្លាប់បានបញ្ជាក់ថា ការប្រឡងបាក់ឌុបក្រោមកំណែទម្រង់ដ៏ស៊ីជម្រៅរបស់លោក ហង់ ជូនណារ៉ុន នៅឆ្នាំនេះ មានលទ្ធផលល្អប្រសើរជាងឆ្នាំកន្លងទៅ ពោលមានអ្នកជាប់ច្រើន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP