ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានឃើញ បុរសពោះម៉ាយកូន១ម្នាក់ ជាមន្រ្តីយោធា នៅតំបន់ព្រំដែន បានចងកសម្លាប់ខ្លួន នៅក្រោមធ្នឹមស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅទីនោះ ។
ជនរងគ្រោះ ត្រូវបាន ប្រជាពលរដ្ឋ ប្រាប់ថា ទើបលែងលះប្រពន្ធ ហើយមា នសតិមិនប្រក្រតី ស្រាប់តែ រត់ទៅចង កសម្លាប់ខ្លួនតែម្តង ។ សពជន រងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ ក្រោមធ្នឹមស្ពានផ្លូវរថភ្លើង ក្នុងភូមិជ័យជំនះ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅពិនិត្យសព បានបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ ធឹម ថា អាយុ៣០ឆ្នាំ ជាមន្រ្តីយោធា ប្រចាំនៅកង ពលលេខ៤១ នៅប្រាសាទ តាមាន់ មានស្រុកកំណើត នៅភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។
ប្អូនស្រីរបស់ជនរងគ្រោះនាង ធឹម ទី អាយុ២៤ឆ្នាំ ជាកម្មការនីរោងចក្រ បានប្រាប់សមត្ថកិច្ចថា នាងមានឪពុក ឈ្មោះ មួន ធឹម អាយុ៧០ឆ្នាំ ជាជនពិការ និងម្តាយឈ្មោះ ហ៊ុល ទូច អាយុ៦២ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៥នាក់ ប្រុស៣នាក់ ហើយជនរងគ្រោះ ជាកូនទី២ ពោះម៉ាយជាង២ឆ្នាំមកហើយ ។
លោកយាយឈ្មោះ ស៊ឹម តន អាយុ៧៥ឆ្នាំ រស់នៅភូមិស្លែងគល់ សង្កាត់ពន្សាំង ខណ្ឌ ពោធិ៍សែនជ័យ បានឲ្យដឹងថា គាត់ មានគ្នា៣នាក់ បានចាកចេញពីផ្ទះនៅ វេលាម៉ោង៥និង៣០នាទី ព្រលឹម ថ្ងៃទី២៨ ខែមីនា ហើយខណៈបានដើរ កាប់វល្លិ ល្ពាក់ លុះដើរមកដល់ ចំណុចកើតហេតុ នៅវេលាម៉ោង៦ព្រឹក ថ្ងៃដដែល ក៏បានប្រទះឃើញ សាកសព មនុស្សប្រុសម្នាក់ បានចងក ទៅនឹងធ្នឹមស្ពានខាងលើ ហើយក៏បានទៅប្រាប់អ្នក ភូមិជិតនោះ ឲ្យជួយមកមើល ក៏បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច ។
បុរសដែលសម្រេចចិត្តធ្វើអត្តឃាត ដោយ យកខ្សែរពួរពណ៌ខ្មៅ ចងទៅនឹងធ្នឹមស្ពាន ផ្លូវរថភ្លើង ដោយបន្សល់ទុកស្បែកជើងផ្ទាត់ មួយគូរ នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះពិតជា ចងកធ្វើអត្តឃាត ពិតប្រាកដមែន ហើយសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ ជនរងគ្រោះ ភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល