CamNews

ព័ត៌មានជាតិ 

បុរី និង សំណង់ ផ្ទះលែ្វង ១៣ក្រុមហ៊ុន ត្រូវបាន ក្រសួងហាម មិនឲ្យ ប្រជាពលរដ្ឋទិញ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុ បានចេញសេចក្តីព្រមាន ដល់ក្រុមហ៊ុនសង់សាងបុរី និង
ផ្ទះល្វែង សម្រាប់លក់ចំនួន ១៣ក្រុមហ៊ុន ឲ្យមក សុំអជ្ញាប័ណ្ណស្របច្បាប់ និងហាមមិនឲ្យ ប្រជា
ពលរដ្ឋទិញនោះទេ ដ៏រាបណាក្រុមហ៊ុនទាំងនោះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីរាជរដ្ឋាភិបាល។

យោងតាម សេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចុះហត្ថលេខាដោយលោក
ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងារអន្តរក្រសួង ដើម្បី
គ្រប់គ្រង អាជីវកម្មអភិវឌ្ឍន៍អចលនទ្រព្យ ចេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ ដែល មជ្ឈមណ្ឌល
ព័ត៌មាន ដើមអម្ពិល ទើបតែទទួលបាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមហ៊ុនចំនួន
ទាំង ១៣ នោះមានដូចជា ១.សំណង់ផ្ទះល្វែងទំនើប ចោម ចៅ, ២.បុរី សម្បូរមាស, ៣.អាផាតមិន
Sonatra Grand Realty, ៤.រុង រឿង, ៥.បុរី សូនី, ៦.សំណង់ផ្ទះល្វែង តុល លន, ៧.សំណង់ផ្ទះល្វែង
ឧត្តម មានជ័យ, ៨.បុរី ឧទ្យាន តា ង៉ូវ, ៩.បុរី គៀង ហ៊ត, ១០.បុរី EU (កំពង់ចម្លង អរិយក្សត្រ), ១១.
សំណង់ផ្ទះល្វែង ហុក ឈាងលី និងលោកស្រី ហ៊ីង រ៉ាវី, ១២.សំណង់ផ្ទះល្វែង លោកស្រី អ៊ីវ ឈាន
និង ១៣.បុរី អាកាសចរណ៍ ។

សេចក្តីជូនដំណឹងបន្តថា  ក្រុមហ៊ុននោះ ត្រូវរួសរាន់មកដាក់ពាក្យ ស្នើសុំអាជ្ញាប័ណ្ណ ឲ្យបានមុនថ្ងៃ
ទី១៥ ខែកក្កដា ឆ្នាំ២០១៣ ករណីយឺតយ៉ាវ ឬ ព្រងើយកន្ដើយ មិនព្រមដកដាក់ពាក្យ ឬមកបំភ្លឺអំពី
មូលហេតុ នៃការយឺតយ៉ាវ ក្រុមការងារអន្ដរក្រសួង ដើម្បីគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុ
និងអនុវត្ត ទៅតាមផ្លូវច្បាប់ជាធរមាន ។

ប្រភពព័ត៌មានដដែល បានសង្កត់ធ្ងន់ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវ ចំពោះ
សាធារណជនមេត្តាជ្រាបផងដែរថា មុននឹងសម្រេច ចិត្តទិញលំនៅឋាន នៅការដ្ឋានសំណង់ ឬ
បុរីណាមួយ ត្រូវពិនិត្យលើភាពស្របច្បាប់ របស់ការដ្ឋាន ឬបុរីទាំងនោះជាមុនសិន» ។

សូមជម្រាបថា ដើម្បីឆ្លើយតបនឹងតម្រូវការរស់នៅ របស់ប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញ ពីមួយថ្ងៃ
ទៅមួយ កាន់តែរីកធំឡើង ដោយមានការសាងសង់ សំណង់ផ្ទះល្វែង កាន់តែច្រើនទៅៗ។ ជាក់
ស្តែងក្រុមហ៊ុន ដែលធ្វើការសាងសង់ផ្ទះល្វែង និងបុរី ដើម្បីលក់ជូនប្រជាពលរដ្ឋ មានការកើនឡើង
យ៉ាង ខ្លំាងផងដែរ ដោយក្រុមហ៊ុនមួយចំនួន មានច្បាប់ទម្លាប់ត្រឹមត្រូវ អាចឲ្យពលរដ្ឋ មានទំនុក
ចិត្តលើផ្ទះ ដែលខ្លួនបានទិញ។ តែក៏មានក្រុមហ៊ុន មិន មានច្បាប់ ត្រឹមត្រូវមួយចំនួនផងដែរ ដែល
ក្រុមហ៊ុនទាំនោះ អាចនឹងសាងសង់ គ្មានកម្រិតស្តង់ដារ នាំឲ្យខាតបង់ដល់ពលរដ្ឋ ដែលទិញផ្ទះពី
ក្រុម ហ៊ុន គ្មានច្បាប់ទម្លាប់ទាំងនោះ៕


Tags: nation news social ព័ត៌មានជាតិ