ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចេញប្រតិបត្តិការ រក្សាសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដោយ ឃាត់ខ្លួន ក្រុមសកម្មជនដីធ្លីបឹងកក់ ៥នាក់ រួមមានអ្នកស្រី យោម បុប្ផា, ទេព វណ្ណី, សុង ស្រីលាភ, បូ ឆវី និង អ្នកស្រី ប៊ុន ឈុនលាភ គ្រាដែលពួកគេប៉ុនប៉ងដង្ហែក្បួនតវ៉ាតាមដងផ្លូវសាធារណៈ។
ការឃាត់ខ្លួនបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០១៤នេះ នៅក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ គ្រាដែលក្រុមសកម្មជនដីធ្លី កំពុងប្រមូលផ្តុំគ្នាបំណងដង្ហែក្បួនតវ៉ា។
ក្រោយឃាត់ខ្លួន សកម្មជនដីធ្លីទាំង ៥នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញ ដោយបក្ខពួកផ្សេងទៀត បានរត់គេខ្លួនបាត់អស់។
សូមបញ្ជាក់ថា នៅក្នុងប្រជុំបន្ទាន់មួយកាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ អភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាឱ្យបន្តបំបែកការប្រមូលផ្តុំបែបអាណាធិបតេយ្យ នៅតាម បណ្តាខណ្ឌ និងគ្រប់ចំណុច ទាំងអស់នៅក្នុងរាជធានីភ្នំពេញ។
លោកអភិបាល បានបញ្ជាក់ថា ការសម្រេចចិត្តបោសសំអាតរៀបចំរបៀបរៀបរយ លើក្រុមអ្នកតវ៉ា មិនមែនបិទមិនឱ្យពួកគាត់ធ្វើការតវ៉ារហូតនោះទេ គឺគ្រាន់តែផ្អាកជាបណ្តោះអាសន្នទប់ស្កាត់មួយ
រយះពេល ដើម្បីឱ្យស្ថាន ការណ៍នៅរាជធានីភ្នំពេញវិលទៅរកភាពប្រក្រតីឡើងវិញតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល