ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ផ្តើមប្រតិបត្តិការ បំពាក់កាមេរ៉ាសុវត្ថិភាពតាមបណ្តាភ្លើងសញ្ញា ចរាចរណ៍ (ភ្លើងស្តុប) នៅរាជធានីភ្នំពេញប្រមាណ ២០ទីតាំង ក្នុងបំណងរឹតបន្តឹងសន្តិសុខ ទប់ស្កាត់សកម្មភាពចោរឆក់ ប្លន់ ក៏ដូចជារឹតបន្តឹងនូវការគោរពច្បាប់ចរាចរណ៍លើដងវិថី របស់អ្នកដំណើរផងដែរ។
ប្រតិបត្តិការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ដោយមាន កិច្ចសហការពីក្រសួងសន្តិសុខ នៃសាធារណរដ្ឋចិន។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ទីតាំងទាំង២០ ដែលត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពនេះ រួមមាន៖ ១. ស្តុបច្រ មុះជ្រូកក្បាលថ្នល់ ២. ស្តុបក្រសួងមហាផ្ទៃ ៣. ស្តុបចំការមន ៤. ស្តុបបូកគោ ៥. ស្តុបពេទ្រចិន ៦. ស្តុបទូតអាលឺ ម៉ង់ ៧. ស្តុបផ្សារអូរឬស្សី ៨. ស្តុបផ្សារថ្មី ៩. ស្តុបសួនកាណាឌីយ៉ា ១០. ស្តុបសណ្ឋាគារណានជីង ១១. ស្តុបដេអិ ន ១២. ស្តុបវិទ្យាល័យសន្ធរមុខ ១៣. ស្តុបទេពផន ១៤. ស្តុបម៉ុងឌីយ៉ាល់ ១៥. ស្តុបផ្សារដើមគរ ១៦. ស្តុបអាង ទឹកអូរឡាំពិច ១៧. ស្តុបនាងគង្ហីង ១៨. ស្តុបផ្សារដេប៉ូ ១៩. ស្តុបអូឡាំពិច និងទី២០. ស្តុបច្បារអំពៅ២។
វរសេនីយ៍ទោ សោម ធារិទ្ធ នាយការិយាល័យទូរស័ព្ទ នៃនាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃ ដែលបានដឹកនាំ កម្លាំងចុះប្រតិបត្តិការបំពាក់កាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា ការបំពាក់កាមេរ៉ានេះ ក្នុងបំណងទប់សង្កាត់បទល្មើស លួច ឆក់ ប្លន់ ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ និងការមិនគោរពច្បាប់ចរាចរណ៍ ដែលអ្នកដំណើរបំពានភ្លើង សញ្ញាចរាចរណ៍ ហើយសមត្ថកិច្ចនឹងចុះទៅធ្វើការផាកពិន័យតាមភស្តុតាងជាក់ស្តែង ដែលមានជាប់ក្នុងកាមេរ៉ា សុវត្ថិភាព។
វរសេនីយ៍ទោ សោម ធារិទ្ធ បានឲ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ សមត្ថកិច្ចបំពាក់កាមេ រ៉ាសុវត្ថិភាព បានចំនួន ២គោលដៅហើយ គឺគោលដៅភ្លើងស្តុបច្បារអំពៅ២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ និងគោលដៅទី២ ភ្លើងស្តុបបូកគោ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងភូមិសាស្ត្រខណ្ឌចំ ការមន៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល