ភ្នំពេញ៖ ទីបំផុតទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសទទួលស្គាល់ទំព័រ Facebook ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ជាផ្លូវការហើយ។ នេះបើតាមការជូនដំណឹង ពីខុទ្ទកាល័យរបស់សម្តេចនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥។
បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ការចេញមកប្រកាសបង្ហាញជាផ្លូវការនូវទំព័រហ្វេសប៊ុកនេះ ដើម្បីបញ្ចប់ ការមន្ទិលសង្ស័យនានា និងចៀសវាងការភ័ន្តច្រឡំ ដល់អ្នកលេងបណ្តាញសង្គមផងដែរ បន្ទាប់ពីនៅលើបណ្តា ញសង្គម ដ៏ពេញនិយមលើពិភពលោកមួយនេះ មានមនុស្សជាច្រើនបានបង្កើតទំព័រហ្វេសប៊ុក ហើយអះអាងថា ជារបស់សម្តេចតេជោ។
សព្វថៃ្ងនេះ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន មានមនុស្សជាង ១.០៦២.០៣០ បានចុច Like។
មានការសាទរជាច្រើនពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចំពោះការចេញមកប្រកាសជាផ្លូវការនូវទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ព្រោះទំព័រ Facebook នេះ នឹងបានក្លាយជាមជ្ឈមណ្ឌលនាំសារដ៏ធំមួយពីប្រជា ពលរដ្ឋខ្មែរទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជា នឹងមានឱកាសរៀបរាប់ពីទុក្ខកង្វល់ និងអំពើអយុត្តិ ធម៌សង្គមទាំងឡាយ ដែលបានកើតមានចំពោះពួកគេ។
ការប្រកាសបង្ហាញទំព័រ Facebook ផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក៏ត្រូវបានគេមើលឃើញជាសារបង្ហាញនូវ ការប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ថ្មីមួយទៀតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប។ ច្បាស់ណាស់ថា ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលដឹកនាំនាវាកម្ពុជា ដ៏កម្សត់ ក្រោយសម័យរំដោះចេញពីបនប្រល័ យពូជសាសន៍ ដែលមានប្រជាជន ដ៏តិចតួចរហូតដល់កើនមកដល់ជិត ១៥លាននាក់នាពេលបច្ចុប្បន្ននេះ មិន អាចទទួលបានព័ត៌មានសព្វជ្រុងជ្រោយពីទុក្ខលំបាក និងកង្វល់របស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។
តាមរយៈទំព័រ Facrbook នេះ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ កម្ពុជា តាំងពីវ័យជាង ២០ឆ្នាំរូបនេះ នឹងអាចបានដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ បានកាន់តែច្រើន និងគ្រប់ ជ្រុងជ្រោយថែមទៀត ហើយក៏អាចចេញបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
ទំព័រ Facebook របស់សម្តេច ក៏នឹងជួយឲ្យសម្តេច បានគេចផុតពីការភូតភរកុហករបស់មន្រ្តីខិលខូចមួយចំនួន ដែលមិនសកម្មការងារ ហើយចាំតែហៃអើ ដើម្បីលាភសក្ការៈ និងបុណ្យស័ក្តិផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល