CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍៣​នៅកម្ពុជា កំពុងទទួលបាន​ការចាប់អារម្មណ៍ពី ក្រុមវិនិយោគិន​ឥណ្ឌា

(ភ្នំពេញ)៖ តំបន់អង្គរ តំបន់ឆ្នេរសមុទ្រ និងរាជធានីភ្នំពេញ ដែលជាគោលដៅទេសចរដ៏សំខាន់នៅកម្ពុជា កំពុងទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោទុនឥណ្ឌា។ នេះបើតាម លោក ទិត ចន្ថា អ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍កម្ពុជា។

ក្រុមអ្នកវិនិយោគទុនឥណ្ឌាមួយក្រុម ដឹកនាំដោយ លោក Shirish Deshpande ហើយគាំទ្រដោយ ស្ថានទូតឥណ្ឌា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ លោក ថោង ខុន ។ នៅក្នុងជំនួបនោះ ពួកគាត់​បានចាប់អារម្មណ៍ខ្ពស់​ទៅនឹងសក្តានុពលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

លោក ទិត ចន្ថា អ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍ បាននិយាយថា នៅក្នុងជំនួបនេះ ក្រុមអ្នកវិនិយោគិនឥណ្ឌា បានអះអាងប្រាប់លោករដ្ឋមន្រ្តីថា ពួកគេចង់វិនិយោគលើវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់គោលដៅ សំខាន់ៗដូចជា តំបន់អង្គរ តំបន់ឆ្នេរសមុទ្រ និងរាជធានីភ្នំពេញ។

លោក ទិត ចន្ថា បាននិយាយថា ក្រុមអ្នកវិនិយោគទុនឥណ្ឌាទាំងនោះ ចង់បង្កើតជាលក្ខណៈរមនីយដ្ឋានកែច្នៃ ដោយមានកន្លែងកម្សាន្ត សណ្ឋាគារ កីឡាទេសចរ រួមទាំងសួនកម្សាន្ត​ទំនើបលក្ខណៈ​ធំៗ​ជាដើម ហើយស្នើឱ្យក្រសួងទេសចរណ៍ ជួយផ្តល់យោបល់ និងសម្រួលដល់កិច្ចការផ្សេងៗ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងភាពរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមអ្នកវិនិយោគិនឥណ្ឌា។ លោកចាត់ទុកថា ការទទួលបានចំណាប់អារម្មណ៍​របស់ពីក្រុមវិនិយោគិន​បរទេស​ថ្មី លើវិស័យទេសចរណ៍នេះ គឺជាផលវិជ្ជមានថ្មីទៀតរបស់សកម្ពុជា។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឆ្នាំ ២០១៥ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,៧៨លាននាក់ បន្តកើនឡើង ៦,១ % បើធៀបនឹងឆ្នាំ២០១៤ ក្នុងនោះ​ក៏មានភ្ញៀវទេសចរ​ឥណ្ឌាប្រមាណ ៣៦ពាន់នាក់ផងដែរ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news