(ភ្នំពេញ)៖ កំពូលតារាភាពយន្តហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB នាង Nancy Wu និងលោក Vincent Wong កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ខណៈអ្នកគាំទ្រជាច្រើនបានសម្តែងការអបអរជាមួយវត្តមានរបស់តារាប្រុស-ស្រីទាំង២រូបខាងលើ។
ការបង្ហាញវត្តមានរបស់តារាប្រុស-ស្រីទាំង២ដួងនៅលើទឹកដីប្រទេសកម្ពុជានាពេលនេះបានធ្វើឡើងតាមរយៈការអញ្ជើញពីសំណាក់ស្ថានីយ៍ទូរទស្សន៍ប៉ុសិ៍ PNN នៃព្រះរាជណាចក្រកម្ពុជា ដោយសហការជាមួយស្ថានីយ៍ទូរទស្សន៍TVB ហុងកុង គោលបំណងដើម្បីជួបផ្ទាល់នឹងប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនជាច្រើននៅកម្ពុជា។
ថ្លែងក្នុងសិន្និសិទ្ធសាព័ត៌មានកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញតារាហុងកុងរបស់ស្ថានីទូរទស្សន៍ TVB ដែលត្រូវបានផ្តល់សិទ្ធិផ្សាយបន្តដោយស្ថានីយទូរទស្សន៍PNN កញ្ញា Nancy Wu និងលោក Vincent Wong បានសម្តែងក្តីរំភើបរីរាយខ្លាំងដែលបានមកដល់ប្រទេសកម្ពុជា ពិសេសគឺទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរបស់ខ្លួននៅកម្ពុជា ហើយការទទួលស្វាគមន៍នេះ ពិតជាកំលាំងចិត្តដ៏ខ្លាំងក្លាសម្រាប់ពួកគេ។ កញ្ញា Nancy Wu និងលោក Vincent Wong បានថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងពេលទទួលបានការស្វាគមន៍ពីសំណាក់ទស្សនិកជននិងមិត្តៗយុវវ័យនៅកម្ពុជា ។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ព្រោះកម្ពុជាមានអាគារខ្ពស់ៗ និងជាប្រទេសដែលមានសម្រស់ទេសភាពស្អាតគួឲ្យចាប់អារម្មណ៍ខ្លាំង»។
ក្រៅពីជូបជាមួយយមិត្តជាច្រើនរយនាក់ ដែលកំពុងប្រកួតប្រជែងក្នុងកម្មវិធីអ្នកដែលមានមុខមាត់ដូច ឬស្រដៀងតារាភាពយន្តរបស់ TVB លើសពីនេះដែរកញ្ញា Nancy Wu និង លោក Vincent Wong គ្រោងនឹងចូលរួមកំសាន្តជាមួយល្បែងប្រពៃណីខ្មែរ និងផ្តល់បរិយាកាសរីករាយសម្រាប់ប្រិយមិត្តខ្លួន តាមរយៈការបកស្រាយបទចម្រៀងដោយផ្ទាល់ពីសំណាក់ពួកគេផងដែរ។
សូបញ្ជាក់ថា ស្ថានីយទូរទស្សន៍ ភីអិនអិនកាលពីដើមឆ្នាំ២០១៦បានចុះកិច្ចព្រមព្រៀងចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគថ្មីរបស់ TVB កំពុងដាក់បញ្ចាំងក្នុងទីក្រុងហុងកុង។កិច្ចព្រមព្រៀងនេះ មានតម្លៃរហូតដល់ទៅជាង១លានដុល្លារផ្តល់សិទ្ធិផ្តាច់មុខឲ្យ ភីអិនអិនចាក់ផ្សាយភាពយន្តភាគចុងក្រោយ និងមុនគេបង្អស់លើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះនៅមានខ្សែភាពយន្តថ្មីៗជាច្រើនទៀតគ្រោងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដូចជារឿង៖ Dead Wrong, House Of Spirits, My Lover From The Planet Meow, Two Steps From Heaven, Dearest Daddy និងរឿង My Dangerous Mafia Retirement Plan ជាដើម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង