CamNews

តារា 

ប្រាសាទ ដាវីន គ្រាន់​តែ​លេច​វត្ត​មាន​ក្នុង​សិល្បៈ​ភ្លាម ស៊ី​ថ្លៃ​ខ្ពស់​កប់​ពពក​ភ្លែត!

(ភ្នំពេញ)៖ តារាសម្ដែងធ្លាប់មានកេរ្តិ៍ឈ្មោះ​ល្បីសុះសាយ កាលពីជិត១០ឆ្នាំមុន នាង ប្រាសាទ ដាវីន បានបង្ហាញវត្តមាន ក្នុងពិភព​សិល្បៈឡើងវិញ ក្នុងរយៈពេលថ្មីៗនេះ គួរឲ្យភ្ញាក់ផ្អើលបំផុត ខណៈដែលការបាត់វត្តមានរបស់នាង អស់ពេលជាច្រើនឆ្នាំមកនេះ ត្រូវបានមហាជនគិតថា ប្រាសាទ ដាវីន លែងមកជាន់ទឹកដីសិល្បៈទៀតហើយ ព្រោះតែកម្រិតជីវភាព និងពូជពង្សវង្សត្រកូលរបស់នាង ជាអ្នករស់នៅបែបធូរធា មិនចាំបានមកចំណាយកម្លាំងមកសន្សំប្រាក់ល្អិត បែកញើស ពីវិស័យនេះឡើយ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ប្រាសាទ ដាវីន បានមកកាន់សង្វៀនសិល្បៈដូចដើមវិញ តែលើកនេះ នាងហាក់ស៊ីថ្លៃខ្ពស់បន្តិចហើយ បើសិនជាចង់បាននាងសម្ដែង ឬថតឲ្យផលិតផលរបស់ខ្លួន។

ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០១៦ នេះមានព្រឹត្តិការណ៍ជាច្រើន ក្នុងពិភពសិល្បៈខ្មែរ បានកើតឡើង ​ខណៈអ្នកសិល្បៈមួយ​ចំនួន ដែលបានបោះបង់ចោលអាជីពនេះ ក៏នាំគ្នាត្រឡប់មកប្រឡូកវិញយ៉ាងព្រោងព្រាត រួមមាន នាង វីជេ អាណូ ,នាង ប្រាសាទ ដាវីន, ឌីជេ អាលីយ៉ា និងអ្នកនាង លី ម៉ារីណា ជាដើម ក៏បង្ហាញមុខឡើងវិញផងដែរ​។

ការវិលត្រឡប់មកវិញរបស់អ្នកសិល្បៈល្បីៗទាំងនេះ ធ្វើឲ្យពួកគេហាក់មានការងារធ្វើច្រើន ជាង​មុនពេលពួកគេចាកចេញ ពីសិល្បៈទៅទៀត ជាក់ស្ដែងដូចជា នាង វិជេ អាណូ គ្រាន់តែថតឲ្យសំអាងការគេ គឺក្នុងមួយថ្ងៃនាង ស៊ីថ្លៃរហូតដល់៧៥០ដុល្លារឯណោះ ដែលតលៃនេះខ្ពស់ជាង សុគន្ធ នីសា និង សុខ ស្រីនាង ទៅទៀត។ កាន់តែខ្លាំងជាងនេះ នាង ប្រាសាទ ដាវីន តួឯកស្រីក្នុងបទ «ភ្លើង» របស់អេដា ឯណេះវិញ ដែល​កំពុងតែប្រឡូកសិល្បៈ យ៉ាងសស្រាក់សស្រាំ ក៏មានតម្លៃខ្លួន​ថ្លៃកប់ពពកដែរ ។

ប្រភពពីក្រុមអ្នក​​សំអាងការ​ បាននិយាយថា នាង ប្រាសាទ ដាវីន គ្រាន់តែថតឲ្យសំអាងការ «សុខណា៣៥» ស៊ីថ្លៃដល់ទៅ១៥០០ដុល្លារឯណោះ ដែលលើសពី វីជេ អាណូ ពីរដង ព្រោះនាងមិនសូវថតសំអាងការច្រើនឡើយ ពោលគឺបើកឆាកឡើង​ថតឲ្យសំអាងការ «សុខណា​៣៥» នេះផ្ទាល់តែម្ដ​ង។ មូលហេតុដែលធ្វើឲ្យ ម្ចាស់សំអាងការ រើសយកនាងជាមួយនឹងតម្លៃខ្ពស់បែបនេះ ព្រោះតែយល់ថា នាងជាតារាកាលីបខ្ពស់ ថែមទាំងមិនសូវថតឲ្យសំអាងការច្រើនឡើយ។ ម្យ៉ាងនាង ប្រាសាទ ដាវីន ទើបតែមកប្រឡូកក្នុងសិល្បៈវិញ ដូចនេះម្ចាស់សំអាងការ ចាយលុយមិនស្ដាយទេ ក្នុងការបានតារាស្រីរូបនេះ មកថតផ្សព្វផ្សាយ ពីសំអាងការរបស់ខ្លួន ក្នុងរដូវកាលថ្មីនេះ​។

អ្នកនាង ប្រាសាទ ដាវីន មិនអាចសុំការបំភ្លឺបានទេ ចំពោះរឿងដែល​នាង​ស៊ីថ្លៃ ដល់ទៅ១៥០០ដុល្លារ គ្រាន់តែថតសំអាងការមួយថ្ងៃ ព្រោះអាចស្មើរនឹង តារាល្បីខ្លះ ថតរឿងដល់ទៅមួយខែឯណោះ។ ​
អ្នកនាង ប្រាសាទ ដាវីន ជាអតីតហ្វ្រេស៊ី ហើយបានចាកចេញពីប្រទេសកម្ពុជា ទៅរៀបការប្ដី​នៅប្រទេសអូស្ត្រាលី។ តែក្រោយមកអ្នកនាង ប្រាសាទ ដាវីន ក៏វិលមកប្រឡូកសិល្បៈ ហើយអ្វីដែលសំខាន់រូបរាង​នាង នៅតែស្អាតផូរផង់ មិនចាស់ទៅតាមវ័យ​ឡើយ ទើប​នាង នៅតែមានទីផ្សារខ្ពស់ ក្នុងវិស័យសិល្បៈដដែល៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង