ឧត្តរមានជ័យ៖ បុរសម្នាក់ ត្រូវបានអ្នកឃើញហេតុការណ៍ អះអាងថា បើករថយន្តលឿន ដូចរថយន្តប្រណាំង « Formula 1» នោះ លុះដល់ផ្លូវរង្វង់មូល បួងចង្កូតរថយន្តខ្លាំង ធ្វើឲ្យរបូតទ្វារ ជះទាំងប្រពន្ធ និងកូនតូចៗ ធ្លាក់ពីលើ រថយន្តជាច្រើនម៉ែត្រ តែសំណាងល្អគ្រាន់តែរងរបួសធ្ងន់ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ៨យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅរង្វង់មូល ស្រុកអន្លង់វែង ក្នុងភូមិអូរជញ្ជៀន។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បាននិយាយរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថ យន្តជួបគ្រោះថ្នាក់នេះ បើកបរយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុត្រង់រង្វង់មូល រថយន្ត បានបត់ឆ្វេងទៅទិសខាងកើត តែដោយសារអ្នកបើកបរបួងចង្កូតខ្លាំងពេកធ្វើឲ្យរបើកទ្វាររថយន្ត ជះប្រពន្ធ និងកូនតូចៗពីរនាក់ ធ្លាក់ពីលើរថយន្តជាច្រើនម៉ែត្រ។
គ្រោះថ្នាក់នេះ បណ្តាលឲ្យស្រ្តីជាម្តាយ និងកូនបងរងរបួសស្រាលរលាត់ស្បែកតិចតួច។ ដោយឡែកកូនតូចអាយុ ៤ខែ រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដោយសារស្ថានភាពធ្ងន់ធ្ងរគ្រូពេទ្យ ក៏បាន បញ្ជូនទៅធ្វើការសង្រោ្គះនៅមន្ទីរពេទ្យខេត្តសៀមរាបបន្តទៀត។
បើតាមសំដីរបស់ម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធយីហោបឹងមាលា បានឲ្យដឹងថា បុរសជាអ្នកបើករថយន្តបណ្តាល ឲ្យប្រពន្ធ និងកូនៗធ្លាក់នេះ មានឈ្មោះ វណ្ណា អាយុជាង ៣០ឆ្នាំ ជាកម្មករបើករថយន្តដឹកទឹកសុទ្ធ ហើយទើបចូល ធ្វើការនៅសិប្បកម្មផលិតទឹកបរិសុទ្ធ «បឹងមាលា» បានមួយខែប៉ុណ្ណោះ។ លោក វណ្ណា ជាអ្នកខេត្តកំពង់ចាម៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល