CamNews

ព័ត៌មានជាតិ 

ជន សង្ស័យម្នាក់ បន្ទាប់ឆក់កាបូប ពីនារីម្នាក់ បានសម្រេច តែអកុសលត្រូវ ប្រជាពលរដ្ឋ តាមទាន់វាយ សន្លប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ នាំគ្នាព្រួតវាយ បណ្តាលអោយ សន្លប់ស្តូកស្តឹងនៅកន្លែងភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនោះ ធ្វើសកម្មភាពឆក់កាបូប លុយពីនារីម្នាក់បាន សម្រេច នៅចំណុចទល់មុខនឹងមន្ទីរពេទ្យព្រះអង្គដួង កែងនឹងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែ ត្រូវបានអ្នកដំណើរ ដែលបានឃើញ នាំគ្នាជិះដេញតាមរហូតដល់ចំណុចទល់ មុខនឹងធនាគារកាណាឌីយ៉ា ជាប់នឹងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ទើបធ្វើការឃាត់បាន ហើយនាំគ្នាព្រួតវាយតែម្តង ។

ដោយហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២០ និង ០០នាទីយប់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៤ ។

យោងតាមសម្តីរៀបរាប់ របស់អ្នកដែលបានឃើញ ហេតុការណ៍បាននិយាយឲ្យដឹងថា នៅមុនពេល កើតហេតុ គេសង្គេតឃើញ នារីម្នាក់ជិះម៉ូតូ មិនចាំម៉ាកមួយគ្រឿង ជិះធ្វើដំណើរតែម្នាក់ ឯងតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកែងមន្ទីរពេទ្យព្រះអង្គដួង ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Duke ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CU-6566 ជិះមកពីក្រោយ រួមធ្វើ សកម្មភាពឆក់កាបូបពីនារីរងគ្រោះខាងលើ បានសម្រេច រួមហើយរូបគេ បានព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែត្រូវបាន អ្នកដំណើរ ដែលបានឃើញហេតុការណ៍ បាននាំគ្នាជិះដេញតាមពីក្រោយជាច្រើនម៉ូតូ ហើយនាំគ្នាស្រែកថា ចោរ យ៉ាងខ្លាំងៗ ធ្វើអោយជនសង្ស័យរូបនោះ ភ័យស្លន់ស្លោរខ្លាំងពេក ក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿង ផ្សេងទៀត នៅចំណុចទល់មុខនឹងធនាគារ កាណាឌីយ៉ាង ជាប់នឹងផ្លូវព្រះមុន្នីវង្ស បណ្តាលអោយដួលទៅនឹងថ្នល់ ទើបត្រូវ ប្រជាពលរដ្ឋ  ក៏ដូចជាអ្នកដំណើរនាំគ្នាព្រួតវាយម្នាក់ ១ដៃ ១ជើង បណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹងតែម្តង ទៅ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ហើយបាន ធ្វើការនាំខ្លួនជនសង្ស័យ និងម៉ូតូទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក រងចាំជនសង្ស័យដឹងខ្លួនទើបធ្វើការសួរ នាំបន្ត រួចបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមច្បាប់ ។ ចំណែកកាបូប ដែលជនសង្ស័យខាងលើធ្វើសកម្មភាពឆក់នោះ ត្រូវបានប្រគល់ជូនម្ចាស់គេវិញ ហើយក៏មិនបាត់បង់ទ្រព្យ សម្បតិ្តអ្វីនៅក្នុងកាបូបដែរ គឺនៅល្អដូចដើម៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP