CamNews

ព័ត៌មានជាតិ 

ស្ដ្រីពោះធំ ត្រូវរថយន្ដ ដឹកកម្មករ កិនដាច់ប្រអប់ជើង គ្រូពេទ្យ សម្រេចវះយកកូន ចិញ្ចឹម ក្នុងកែវ

-នគរបាល ចរាចរ បញ្ជូនអ្នកបើករថយន្ដ ទៅតុលាការ ខណៈជនរងគ្រោះ អំពាវនាវសុំការ
ឧបត្ថម្ភ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ ចរាចរ ដែលស្ដ្រីពោះធំ ជិតគ្រប់ខែម្នាក់ ត្រូវរថយន្ដដឹក កម្មករបុក និង
កិនដាច់ប្រអប់ជើង ខាងស្តាំ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅ មុខផ្សារសារឿន
យ៉ានី ផ្លូវលេខ២១៧ ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ឥឡូវ នេះ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ
មិត្ដភាព កម្ពុជា-សូវៀត ហៅពេទ្យ រុស្ស៊ី បានសម្រេច វះយកកូនក្នុងផ្ទៃ ទៅចិញ្ចឹមក្នុងកែវ ដោយ
សារតែ ស្ថានភាពស្ដ្រីជាម្ដាយ មានអាការៈ ធ្ងន់ធ្ងរ និងហូរឈាម ច្រើនពេក នៅពេលដាច់ ប្រអប់
ជើង ជាហេតុគ្មាន លទ្ធភាព គ្រប់គ្រាន់ នៅពេលកើតកូន ។

យោងតាម ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រោយពីជួប គ្រោះថ្នាក់ ចរាចរ រួចមក ស្ដ្រីរងគ្រោះ ឈ្មោះ
ភាព ឆវិន អាយុ២៤ឆ្នាំ ជាកម្មការិនី រោងចក្រ កាត់ដេរ ត្រូវបានប្ដី និងសាច់ ញាតិដឹក បញ្ជូនភ្លាមៗ
ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការ ជួយសង្គ្រោះ ក្រោយពេលដែល ត្រូវរថយន្ដដឹក កម្មករបុក និង
កិនដាច់ប្រអប់ជើង ខាងស្តាំរង របួសយ៉ាងធ្ងន់ធ្ងរ ។

ដោយសារតែ ស្ថានភាពបែបនេះ និងក្រុមគ្រូពេទ្យ គិតថា ស្ដ្រីរងគ្រោះពុំ មានលទ្ធភាព និងកម្លាំង
គ្រប់គ្រាន់ ព្រោះតែហូរឈាម អស់ជាច្រើននោះ ក្រុមគ្រូពេទ្យ ក៏បានសម្រេចធ្វើការវះកាត់ យកកូន
ចេញពីក្នុងផ្ទៃ ប៉ុន្ដែដោយសារ មិនទាន់គ្រប់ខែ គឺត្រូវយកកូន ដែលវះទៅចិញ្ចឹមក្នុងកែវ ។

ដោយឡែកអ្នកបើករថយន្ដ ដឹកកម្មករនៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ នេះ ត្រូវបានកម្លាំង
នគរបាល ការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនទៅ កាន់តុលាការ ចាត់ការ
តាមផ្លូវច្បាប់ ខណៈដែល ស្ដ្រីរងគ្រោះ និងក្រុមគ្រួសារបាន អំពាវនាវទៅកាន់ សប្បុរសជននានា
មេត្ដាជួយ ឧបត្ថម្ភ ព្រោះតែពួកគេមាន ការខ្វះខាត និងជីវភាព ខ្សត់ខ្សោយ សម្រាប់ការ ចំណាយ
ហូបចុក និងព្យាបាលទៅ ក្នុងមន្ទីរពេទ្យនោះ ។

នាយរងការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែង ឱ្យដឹងថា
នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ កម្លាំងនគរបាល ចរាចរណ៍របស់ លោក ក្រោយពី
បានបញ្ចប់ ការសាកសួរ និងធ្វើកំណត់ហេតុ រួចរាល់នោះ បានសម្រេច បញ្ជូនឈ្មោះ យ៉ង់ ធី ភេទ
ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី ខេត្ដ តាកែវ ដែលជាអ្នកបើក រថយន្ដ
ម៉ាកហ៊ីយ៉ាន់ ដាយកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះវិហារ 3A-0050 បុកស្ដ្រីពោះធំ ទៅកាន់សា
លាដំបូង រាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ ចរា
ចរមួយ បានកើតឡើង នៅតាមបណ្ដោយ ផ្លូវលេខ២១៧ ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោនៅ
ពេលដែល រថយន្ដកូរ៉េ ហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកកម្មករពេញ បានបើកបុក អ្នកជិះម៉ូតូបីនាក់
បណ្ដាលឱ្យ ស្ដ្រីពោះធំ ជិតគ្រប់ខែដាច់ប្រអប់ជើងខាងស្តាំ រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពពីសាក្សី នៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត បង្កហេតុ
បើកមកពីត្បូង មកដឹក កម្មករពេញ រថយន្ត លុះមកដល់កន្លែង កើតហេតុ មុខផ្សារ សារឿនយ៉ានី
ក៏បុកអ្នក ជិះម៉ូតូឌុបគ្នា៣នាក់ ធ្វើដំណើរស្របទិសគ្នា ពីត្បូងទៅជើងតាមផ្លូវ២១៧ បណ្តាលឲ្យស្ត្រី
មានផ្ទៃពោះ ជិតគ្រប់ខែម្នាក់ របួសយ៉ាងធ្ងន់ធ្ងរ ដោយរថយន្តកិន ដាច់ប្រអប់ជើង ឆ្វេង។

ប្រភពពី សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តីនគរបាល ចរាចរជើងគោក បានឲ្យដឹងថា ជនរងគ្រោះមាន
ឈ្មោះ ភាព ឆវិន ភេទស្រី អាយុ២៤ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ មានផ្ទៃពោះ រងរបួសធ្ងន់
ដាច់ ប្រអប់ជើងឆ្វេង (អង្គុយ កណ្តាល) ឈ្មោះលី ភក្តី ភេទប្រុស អាយុ២២ឆ្នាំ កម្មករសំណង់ ត្រូវ
ប្អូនថ្ងៃស្ត្រីរងគ្រោះ និងឈ្មោះឆេង ឆេឡា ភេទប្រុស អាយុ១៩ឆ្នាំ កម្មករសំណង់ ជាអ្នកបើកម៉ូតូ។

ជនរងគ្រោះ៣ នាក់ខាងលើនេះ ជិះម៉ូតូម៉ាក CUP ជ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1E-5827
និងមានទីលំ នៅភូមិកោះស្នោ ឃុំព្រែកខ្នុរ ស្រុកបាទី ខេត្តតាកែវ ។ ចំណែករថយន្តបង្ក ហេតុម៉ាក
HYUNDAI កូរ៉េពណ៌ ខៀវ ពាក់ស្លាក លេខព្រះវិហារ 3A-0050 បើកបរដោយ ឈ្មោះ យ៉ង់ ធី ភេទ
ប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ រថយន្តបង្កហេតុ បើកមកពីត្បូងដឹក កម្មករពេញរថយន្ត ដាក់
តាមរោងចក្រ លុះមកដល់កន្លែងកើតហេតុ មុខផ្សារសារឿនយ៉ានី អ្នកបើករថយន្តមិន បានប្រយ័ត្ន
ក៏បុកជនរងគ្រោះ ពីក្រោយពេញទំហឹង តែម្តងបណ្តាលឲ្យ ស្ត្រីពោះធំ នោះគាត់បាន របួសដាច់ប្រ
អប់ ជើងឆ្វេងគួរឲ្យរន្ធត់បំផុត។

ក្រោយកើតហេតុ រថយន្តបង្ក និងអ្នកបើករថយន្ត ត្រូវបានបញ្ជូនទៅ កាន់ការិយាល័យ ចរាចរជើង
គោក ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ