CamNews

ព័ត៌មានជាតិ 

រាជរដ្ឋាភិបាលកម្ពុជា គ្រោងសាងសង់ព្រលានយន្ត​ហោះអន្តរជាតិថ្មី ឆ្ងាយពីរាជធានីភ្នំពេញ​៥០គីឡូម៉ែត្រ

(ភ្នំពេញ)៖​ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល​គ្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីមួយ ដែលអាចនឹង​មានចម្ងាយ៥០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ បន្ទាប់ពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនអាចពង្រីកសមត្ថភាព របស់ខ្លួនបានថែមទៀតនោះ។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការ អាកាសចរណ៍ស៉ីវិល បានថ្លែងប្រាប់អង្គភាព Fresh News ថា ដោយសារតែកំណើននៃការធ្វើដំណើរតាមផ្លូវអាកាស បានបន្តកើនឡើងពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយនៅឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មិនអាចពង្រីកសមត្ថភាពរបស់ខ្លួនទៀតបាន ជាមួយកត្តាចង្អៀតនៃការស្ទះចរាចរណ៍ ក៏ដែលបានរាំងស្ទះ​ដល់វិស័យ​អាកាសចរណ៍​ផងដែរនោះ ទើបរាជរដ្ឋាភិបាលកម្ពុជា មានទស្សនវិស័យថានឹងសាងសង់ នូវព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត។

យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់ពីទីតាំង និងក្រុមហ៊ុនដែលនឹងត្រូវទទួលបានសិទ្ធិសាងសង់ ព្រលានយន្តហោះថ្មីនេះ នៅឡើយទេ ដោយលោកលើកឡើងថា វាស្ថិតនៅក្នុង គោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា ចង់សាងសង់អាកាសយានដ្ឋានថ្មី ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលជាក្រុមហ៊ុនបារាំង ទទួលបានសិទ្ធិវិនិយោគ លើព្រលានយន្តហោះនៅកម្ពុជាបច្ចុប្បន្ន បានជួលអ្នកជំនាញការមកពីបារាំង ដើម្បីឲ្យសិក្សាលើគម្រោងការសាងសង់ ថាគួរធ្វើនៅម្តុំណា? ដើម្បីឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមតិចបំផុត ហើយងាយ​ស្រួល ក្នុងធ្វើដំណើរទៅកាន់ព្រលានយន្តហោះនោះ។

ពាក់ព័ន្ធនឹងព្រលានយន្តហោះខេត្តកំពង់ឆ្នាំង លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ក៏ស្ថិតក្នុងការសិក្សាសាងសង់ព្រលានយន្តថ្មីនេះផងដែរ ប៉ុន្តែជាទីស្តីព្រលានយន្តហោះ អាចឆ្ងាយពីរាជ​ធានី​ភ្នំពេញតែ៥០គីឡូម៉ែត្រប៉ុណ្ណោះ ចំណែកឯព្រលានយន្តហោះកំពង់ឆ្នាំង មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីភ្នំពេញ ហេតុនេះប្រសិនបើសាងសង់នៅកំពង់ឆ្នាំង គឺត្រូវចំណាយនូវការសាងសង់ ហេដ្ឋាចរនាសម្ព័ន្ធអស់ទឹកប្រាក់ច្រើន។

កម្ពុជាមានព្រលានយន្តហោះអន្តរជាតិ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ នៅឆ្នាំ២០១៦នេះ ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ ទើបតែសម្ពោធដាក់ឲ្យដំណើរការ ស្ថានីយអ្នកដំណើរដោយសមត្ថភាព ទទួលអ្នកដំណើរ៥លាននាក់។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាស មានចំនួន១,១៣៣,៩៤០នាក់ នៅរយៈពេល៥ខែដើមឆ្នាំនេះ៕

 


ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh