CamNews

ព័ត៌មានជាតិ 

នាំបក្ខពួក មកលួចម៉ូតូនៅផ្ទះ របស់ខ្លួនឯង ត្រូវជាប់ខ្នោះ សមត្ថកិច្ច ខណ្ឌចំការមន

ភ្នំពេញ : សមត្ថកិច្ច នគរបាល ខណ្ឌចំការមន បានឃាត់ខ្លួន ជនសង្ស័យម្នាក់ និងបក្ខពួកម្នាក់
ទៀត រត់គេចខ្លួន ក្នុងបទចោទលួចយកម៉ូតូ មួយគ្រឿងរបស់អ្នកជួល ស្នាក់នៅ ផ្ទះជួលលេខ
៩០ A ស្ថិតតាមបណ្តោយផ្លូវលេខ ១០៥ ក្រុម១៩ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

នាយនគរបាល ប៉ុស្តិ៍បឹងត្របែក បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួននេះ ឈ្មោះ
ចាន់ រតនា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩០ A ផ្លូវ១០៥ ក្រុមទី១៩ ភូមិ៦ សង្កាត់
បឹងត្របែក ខណ្ឌចំការមន។ ចំណែកបក្ខពួកម្នាក់ទៀតរបស់ជនសង្ស័យ ដែលរត់គេចខ្លួន ឈ្មោះ
រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិត ប្រាកដ ។

នាយនគរបាលប៉ុស្តិ៍ បន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ព្រីង ស្រៀន ភេទប្រុស អាយុ ២៤
ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុ ជាអ្នកធ្វើការនៅរង្គសាល ទីក្រុងមាស ។

យោងតាមពាក្យបណ្តឹងរបស់ ជនរងគ្រោះ កាលពីវេលាម៉ោង ១ រំលងអាធ្រាត្រ ថ្ងៃទី០៦ ខែ
មិថុនា ឆ្នាំ២០១៣ ជនសង្ស័យបានធ្វើសកម្ម ភាព លួចយកម៉ូតូម៉ាក វីវ៉ាពណ៌ខ្មៅ ស៊េរី ២០០៧
ពាក់ស្លាកលេខ ភ្នំពេញ 1D-5283 ។ ពាក្យបណ្តឹងបន្តថា នៅថ្ងៃកើតហេតុ រូបខ្លួនបាន ចេញពី
ធ្វើការ ហើយបានយក ម៉ូតូទៅទុក នៅខាងមុខផ្ទះ ហើយចាក់សោរទុក នៅក្នុងផ្ទះជាន់ក្រោម
ហើយក៏ឡើងទៅដេក នៅលើផ្ទះដូចធម្មតា លុះព្រឹកឡើងម៉ោងប្រមាណ ៦ និង៣០នាទី ព្រឹក
ពេលចុះពីលើផ្ទះ ស្រាប់តែ មិនឃើញម៉ូតូ នៅកន្លែងទុកដាក់ដូចរាល់ដង មិនដឹងបាត់ពីពេល
ណា។ ភ្លាមៗនោះ ខ្លួនក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក។
លុះ ដល់ថៃ្ងទី១៣ ខែមិថុនា វេលាម៉ោង ៦ និង៣០នាទីព្រឹក សមត្ថកិច្ចបានហៅជនសង្ស័យ
មកសាកសួរទើបដឹងថា កូនម្ចាស់ផ្ទះ ឈ្មោះ ចាន់ រតនា ជាអ្នកនាំបក្ខពួកមកលួច។

ជនរងគ្រោះ បានរៀបរាប់ថា ដំបូងឡើយ ជនសង្ស័យចង់ប្រកែក តែដោយមានសាក្សី ឃើញ
បញ្ជាក់ច្បាស់ ទើបជនសង្ស័យព្រមសារភាពថា ខ្លួនបាននាំបក្ខពួក មកលួចមែន ដោយឲ្យ
ឈ្មោះ រ័ត្ន ជាអ្នកចាំផ្លូវ រូបគេជាអ្នកធ្វើសកម្មភាពគាស់កាត់សោ ។ ជនសង្ស័យបន្តថា បន្ទាប់
ពីកាត់សោយកម៉ូតូ បានហើយ ក៏យកម៉ូតូរក កន្លែងលក់ តែរកមិនបាន ក៏យកទៅលាក់ទុកសិន
រហូតដល់ថ្ងៃសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំ ខ្លួននៅអធិការនគរបាលខណ្ឌ ចំការមន ដើម្បីកសាង សំណុំរឿង
បញ្ជូនទៅតុលាការ ចំណែកម៉ូតូបានប្រគល់ឲ្យ ទៅម្ចាស់ប្រើប្រាស់ បណ្តោះអាសន្នសិន ។
ចំណែកបក្ខពួក ឈ្មោះ រ័ត្ន បានរត់គេចខ្លួនបាត់ស្រមោល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ