ភ្នំពេញ ៖ មេដឹកនាំគណបក្សសង្គ្រោះ ជាតិ លោកសម រង្ស៊ី និងលោកកឹម សុខា បានត្រៀមខ្លួនរួច ជាស្រេច ចូលទៅបំភ្លឺនៅ ចំពោះមុខតុលាការរាជធានីភ្នំពេញ តាមដីកាកោះហៅរបស់ព្រះរាជ អាជ្ញារង ហៀង សុភក្ដ្រ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ ។
កាលពីប៉ុន្មានថ្ងៃមុន មេធាវីការពារក្ដី ឱ្យមេដឹកនាំទាំងពីរ គឺលោកជួង ជូងី បាន ប្រកាសថា សុំ ពន្យារពេលការពារកូនក្ដីទៅ បំភ្លឺ នៅចំពោះមុខតុលាការ ដោយ ជាប់រវល់ ការពារកូនក្ដីផ្សេងទៀត នៅឯខេត្ដតាកែវ។ ប៉ុន្ដែនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នេះ មន្ដ្រីគណបក្សសង្គ្រោះជាតិមួយ រូប បាន ថ្លែងថា ទាំងលោកសម រង្ស៊ី និងលោកកឹម សុខា និងចូលទៅបំភ្លឺនៅតុលាការ ដោយពុំ មានអវត្ដមានឡើយ ។
ប្រភពព័ត៌មានបានបន្ដថា មេដឹកនាំទាំង ពីរ បានប្ដូរមេធាវីពីលោកជួង ជូងី មកលោក កើត ធី ឱ្យ ការពារក្ដីជំនួសវិញ ។
សូមបញ្ជាក់ថា តំណាងអយ្យការសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានចេញដីកាកោះហៅ លោកកឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ និងលោក ប្រធាន សមរង្ស៊ី ចូលទៅបំភ្លឺ នៅវេលាម៉ោង ៩និងម៉ោង១០ព្រឹកនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ជុំវិញ សំណុំរឿងការញុះញង់ឱ្យ ប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់ សន្ដិសុខសង្គម ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល