ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០១៣ នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលពន្ធចូលថវិការដ្ឋបាន ប្រមាណ
ជាង ៤៧០ លានដុល្លារ អាមេរិច កើនឡើង ២១ភាគរយ បើធៀបនឹងរយះពេលដូចគ្នា កាលពីឆ្នាំ
២០១២ ។
មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ មិនអាចសុំការាអត្ថាធិប្បាយ ជុំវិញការប្រមូលពន្ធនេះបានទេ។ លោក
ឱម ចន ប្រធាននាយកដ្ឋានច្បាប់ អគ្គនាយកដ្ឋានពន្ធដារ ដែលកន្លងមកបណ្តាញព័ត៌មាន ធ្លាប់តែ
សម្ភាសន៍លោក បានបដិសេធមិនផ្តល់បទសម្ភាសន៍ ដោយអះអាងថា ជាប់រវល់ និងថា ការឆ្លើយ
នេះ ព្រោះហួសពីដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណែកលោក គង់ វិបុល អគ្គនាយកនៃ អគ្គនាយក
ដ្ឋានពន្ធដារ ធ្លាប់បានបដិសេធថា លោកមិនអាចផ្តល់បទសម្ភាសន៍ តាមទូរស័ព្ទបានទេ។
យ៉ាងណា យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានឲ្យដឹងថា អគ្គនាយកដ្ឋាន
ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ បានបើកកិច្ចបូកសរុប
លទ្ធផលការងារ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៣ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី
គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លោក គាត ឈន់ បានសម្តែងនូវក្តីសាទរ
ចំពោះលទ្ធផលនៃការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ និង ស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តី
ពន្ធដារគ្រប់លំដាប់ថ្នាក់ ឲ្យខិតខំប្រមែប្រមូលចំណូល ពន្ធដារ ជាបន្តទៀត។
រយៈពេល៦ខែដើមឆ្នាំ២០១៣ ពោលគឺចាប់ពីខែមករា ដល់ ខែមិថុនា អគ្គនាយដ្ឋានពន្ធដារ ដែល
ដឹកនាំ ដោយលោក គង់ វិបុល អាចប្រមូលពន្ធ ថវិកាជាតិចំនួន ១.៨៨០.៩០៩ លានរៀល គិតជា
ដុល្លារប្រមាណ ៤៧០.៣ លានដុល្លារ កើនឡើង២១,២% បើប្រៀបធៀបនឹង រយៈពេលដូចគ្នាក្នុង
ឆ្នាំ ២០១២។ ប្រភេទពន្ធសំខាន់ៗ ដែលជំរុញឲ្យការប្រមូលពន្ធ មានការកើនឡើងមានដូចជា ពន្ធ
លើប្រាក់បៀវត្ស, ពន្ធលើប្រាក់ចំណេញ, អាករលើតម្លៃបន្ថែម និង អាករពិសេស។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១២ កម្ពុជា អាចប្រមូលពន្ធបានប្រមាណជា ៧៤០លានដុល្លារអាមេរិច
កើនឡើង២៥ភាគរយ បើធៀបនឹងឆ្នាំ២០១១៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល