កំពត៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន ៤នាក់ បានកាត់របងទ្វារក្រោយផ្ទះ ហើយចូលក្នុងផ្ទះបាញ់ប្រហារបុរសជា ម្ចាស់ ២គ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងរើកកាយស្វែងរកមាសប្រាក់ តែរកមិនឃើញ ក៏រត់គេចខ្លួនទៅ បាត់ទាំងប្លន់មិនបានអ្វីទាំងអស់ ព្រោះខ្លាចសមត្ថកិច្ចមកទាន់។ ហេតុការណ៍ប្លន់ និងបាញ់សម្លាប់ម្ចាស់ផ្ទះនេះ បានកើតឡើង នៅវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ ភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការរងនគរបាលខេត្តកំពត បានឲ្យដឹងនៅព្រឹកព្រលឹមថ្ងៃទី១៧ ខែសី ហា នេះថា ជនសង្ស័យមានគ្នាប្រហែល៤នាក់ បានប្រើអាវុធបាញ់ទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ណេង ណាត ភេទប្រុស អាយុ ៥៤ ឆ្នាំ ចំនួនពីរគ្រាប់ ដោយសារជនរងគ្រោះខ្ទប់ទ្វារមិនឲ្យពួកចោរចូលក្នុងផ្ទះ ក៏ប៉ុន្តែ ក្រុមជនសង្ស័យ មិនបានយករបស់របរជនរងគ្រោះទេ ដោយខ្លាចសមត្ថកិច្ចមកដល់។
ក្រោយក្រុមចោររត់គេចខ្លួនបាត់អស់ក្រុមគ្រួសារ និងអ្នកជិតខាងបានបញ្ជូនម្ចាស់ផ្ទះរងការបាញ់ប្រហារមកសង្គ្រាះ បន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ តែជាអកុសលដោយសាររងរបួសធ្ងន់ធ្ងរ ក៏បានស្លាប់បាត់បង់ជីវិតទៅ។
លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា កម្លាំងរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ ក្រុមចោរប្លន់ទាំងនោះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល