CamNews

ព័ត៌មានជាតិ 

ជិះរថយន្តឈ្នួល ពីស្រុកមេមត់ មកលួចកាច់សោ ក ម៉ូតូ នៅស្រុកព្រៃឈរ ត្រូវនគរបាល ក្របួចជាប់ បញ្ជូនទៅតុលាការ

កំពង់ចាមៈ  ចោរម្នាក់មានជំនាញខាងលួចកាច់សោ ក យកម៉ូតូ  ត្រូវបានកម្លាំងនគរបាលស្រុក
ព្រៃឈរ ក្របួចបាននិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម នៅព្រឺកមិញ។

ជនសង្ស័យរូបនេះ សមត្ថកិច្ចចាប់ខ្លួន បានបន្ទាប់ពីបានធ្វើសកម្មភាពលួចកាច់សោ ក យកម៉ូតូ
ជនរងគ្រោះ នៅចំណុចរោងកាន់អង្គ ក្នុងបរិវេណវត្តព្រះលានថ្មពូន ស្ថិតក្នុងភូមិត្រាំង ឃុំថ្មពូន
ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង២និង៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦
ខែកុម្ភៈ ឆ្នាំ២០១៣ ។ ជនសង្ស័យ មានឈ្មោះ ហេង សុភ័ក្រ្ត ហៅសុង ហាក់ ភេទប្រុស អាយុ
២៤ឆ្នាំ រស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម។

អធិការនគរបាលស្រុកព្រៃឈរ លោក កែវ ស៊ាងហ៊ាន់ បានប្រាប់ឲ្យដឹងថា ឈ្មោះ ថ្លាង គឹមឡន
ភេទប្រុស អាយុ ៥៥ឆ្នាំ ជាម្ចាស់ម៉ូតូ បានឲ្យសមត្ថកិច្ចដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ គាត់បាន
មកចូលរួមបុណ្យកាន់អង្គ នៅវត្តព្រះលានថ្មពូន បន្ទាប់មកកូនរបស់គាត់ឈ្មោះ កន ចាន់ទ្រី បាន
ជិះម៉ូតូ ម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ 1F 9477 មកទុកក្នុងរោងកាន់អង្គ ឲ្យគាត់
មើល លុះរហូតដល់ម៉ោង២និង៤៥នាទី រំលងអធ្រាត្រ ថ្ងៃកើតហេតុ គាត់បានលង់លក់មួយ ភាំង
ស្រាប់តែដឹងខ្លួនក៏បាត់ម៉ូតូតែម្តង។

លោក អធិការបានឲ្យដឹងទៀតថា នៅក្នុងពិធីបុណ្យកាន់អង្គនោះ លោកបានដាក់កម្លាំងសមត្ថកិច្ច
ការពារនៅទីនោះ ហើយក្រោយហេតុការណ៍ភ្លាមៗ បន្ទាប់ពី សមត្ថកិច្ចយើងទទួលព័ត៌មានពីជន
រងគ្រោះ សមត្ថកិច្ចយើង បានស្ទាក់ចាប់ជនល្មើស ដែលលួចម៉ូតូបានបម្រុងជិះគេចខ្លួន។

ជនសង្ស័យ ឈ្មោះហេង សុភ័ក្រ្ត ហៅសុង ហាក់ បានសារភាពថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ខ្លួនបានជិះរថយន្តឈ្នួលមកពីស្រុកមេមត់ ចូលរួមក្នុងពិធីបុណ្យកាន់ អង្គនោះ លុះនៅវេលារំលង
អធ្រាត្រ ខ្លួនបានឃើញម៉ូតូមួយគ្រឿងនោះ ម្ចាស់ទុកក្នុងរោងកាន់អង្គ ម្ចាស់ដេកលក់ ខ្លួនក៏ធ្វើ
សកម្មភាព យកដែកអក្សរតេ លួចកាច់សោ ក យកម៉ូតូនោះបម្រុងជិះរត់គេច តែត្រូវសមត្ថកិច្ច
ចាប់ខ្លួនបាន។

អធិការនគរបាលស្រុកព្រៃឈរ បានឲ្យដឹងទៀតថា ជនសង្ស័យ សមត្ថកិច្ចបានបញ្ជូនទៅសាលា
ដំបូងខេត្តកំពង់ចាមដើម្បីចាត់ការទៅតាមផ្លូវច្បាប់ រីឯម៉ូតូសមត្ថកិច្ច បានប្រគល់ជូនជនរងគ្រោះ
វិញហើយ៕  

www.dap-news.com

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

www.dap-news.com

ម៉ូតូដែលជនសង្ស័យលួចកាច់សោ ក

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ