CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូដើរលេង​​ ពេលល្ងាច ដល់ជិតភ្លឺ ទៅដួលសន្លប់ នៅក្នុងការដ្ឋាន សង្ស័យថាគេកាប់

ភ្នំពេញៈ កម្មករសំណង់ម្នាក់ ត្រូវបងប្អូនប្រទះឃើញដួលសន្លប់បាត់ស្មារតី ក្នុងបន្ទប់ស្នាក់នៅក្នុង
ការដ្ឋានសំណង់ ដោយមានស្នាមគេកាប់រយះ ជាច្រើនកន្លែង ឈាមហូរស្រោចជោកខ្លួនទៀតផង
ត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរ កាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់។

បន្ទាប់ពីកើតហេតុ បានតាមរកម៉ូតូ ប្រទះឃើញធ្លាក់ចូលក្នុងប្រឡាយទឹក ខាងមុខវិទ្យាល័យជម្ពូវ័ន្ត
ហើយសន្និដ្ឋានថា ជនរងគ្រោះមានគេព្រួតកាប់ តែជិះម៉ូតូរត់គេចរួច ប៉ុន្តែដោយជិះលែងរួច ក៏ទុកម៉ូតូ
ចោលត្រដរទៅតែខ្លួនរហូតដល់ផ្ទះ ។ ហេតុការណ៍នេះត្រូវបានកើតឡើង កាលពីវេលា ម៉ោង៤និង
៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋានសំណង់ភូមិអូរឌឹម សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមសាច់ញាតិ របស់ជនរងគ្រោះវិញ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថា រតនៈ ភេទប្រុស
អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករសំណង់ស្នាក់ នៅក្នុងការដ្ឋានសំណង់ភូមិ សង្កាត់កើតហេតុ មាន
ស្រុកកំណើតនៅភូមិតាណាល ឃុំកន្តៀងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង រងរបួស រយះក្បាល ចំ
ហៀងខាងស្តាំ លើផ្ទៃមុខសងខាង និង កលើឆ្អឹងដងកាំបិត សន្លប់ឈឹង ត្រូវបានដឹកយកទៅសង្គ្រោះ
នៅមន្ទីរពេទ្យកាល់ម៉ែត ជនរងគ្រោះជិះ ម៉ូតូមួយគ្រឿង សេ៥០គុបមូល ពណ៌សណ្តែក គ្មានស្លាក
លេខ។

សាច់ញាតិរបស់ជនរងគ្រោះ បានបន្តទៀតថា កាលពីល្ងាច ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ក្នុង
គោលបំណងដើរលេង មិនដឹងជាទៅទីណា នោះទេ លុះដល់ម៉ោង៤និង៣០នាទី ក៏ប្រទះឃើញដេក
សន្លប់ នៅក្នុងបន្ទប់ស្នាក់នៅ ដោយបាត់ម៉ូតូមុនដំបូងសន្និដ្ឋានថា គេវាយប្លន់យកម៉ូតូ ប៉ុន្តែ បន្ទាប់ពី
បញ្ជូនជនរងគ្រោះទៅមន្ទីរ រួចដើរស្វែងរកម៉ូតូ ក៏ប្រទះឃើញនៅក្នុងប្រឡាយទឹកស្អុយ មុខវិទ្យាល័យ
ជម្ពូវ័ន្ត ក៏អូសក្នុងគោល បំណងយក ទៅរក្សាទុក ប៉ុន្តែត្រូវបាននគរបាល ឲ្យយកមករក្សាទុក នៅប៉ុស្តិ៍
ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវរកជនដៃដល់។

នគរបាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះមិនដឹងជាត្រូវគេកាប់ មកពីម្តុំណានោះទេ ហើយបាន
រត់គេចខ្លួនរួច លុះមកដល់មុខវិទ្យាល័យជម្ពូវ័ន្ត ប្រហែលជាទៅលែងរួច ឬមួយក៏ជ្រុលចង្កូត ធ្លាក់ម៉ូតូ
ចូលទៅក្នុងប្រឡាយទឹក រួចហើយព្យាយាមបន្ត ទៅរហូតដល់បន្ទប់ស្នាក់ធ្វើសំណង់ ទើប សន្លប់បាត់
ស្មារតី លុះដល់ក្រុមគ្រួសារភ្ញាក់ពីដំណេក ក៏ប្រទះឃើញមានការភ្ញាក់ផ្អើលតែម្តងទៅ ។ ចំណែកឯម៉ូតូ
ត្រូវគេប្រទះឃើញ នៅខាងមុខ វិទ្យាល័យជម្ពូវ័ន្ត ក៏យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បី
ធ្វើការស្រាវជ្រាវរកជនដៃដល់ រីឯជនរងគ្រោះត្រូវបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត
មិនទាន់ដឹងខ្លួននៅឡើយ ។

នគរបាលបានបន្តថា ពេលនេះនគរបាល កំពុងតែរង់ចាំជនរងគ្រោះដឹងខ្លួន បានសួរនាំធ្វើការស្រាវជ្រាវ
ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ យកមក ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ