CamNews

ព័ត៌មានជាតិ 

ភោជនីយដ្ឋាន, ក្លឹបកំសាន្ត មួយចំនួន បន្តបើក អាជីវកម្ម ល្មើសនឹង បម្រាម រាជរដ្ឋាភិបាល នៅថ្ងៃកាន់ទុក្ខ

ភ្នំពេញ ភោជនីយដ្ឋាន និងខារ៉ាអូខេ បុប្ឆាជាយដែន និងហាងមួយចំនួនទៀត នៅរាជធានីភ្នំពេញ នាយប់ថ្ងៃសុក្រនេះ បានត្រូវបានគេប្រទះឃើញ បន្តបើកអាជីវកម្ម របស់ខ្លួន ដោយឱ្យភ្ញៀវ ចូលផឹកស៊ី រាំកម្សាន្តសប្បាយ ដូចធម្មតា នៅក្នុងថ្ងៃកាន់ទុក្ខ សម្តេចជាស៊ីម ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បើទោះបីជា ក្រសួងបាន ចេញបម្រាម ឱ្យក្លឹបរាត្រី ខារ៉ាអូខេ មណ្ឌលកម្សាន្តនានា នៅទូទាំងប្រទេស ផ្អាកអាជីវកម្ម យ៉ាងណាក្តី។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ ក្រសួងទេសចរណ៍ ក្នុងនាម រាជរដ្ឋាភិបាល បានប្រកាសឱ្យមណ្ឌលកម្សាន្ត ខារ៉ាអូខេ ក្លឹប និងរង្គសាលនានា ទូទាំង ប្រទេសផ្អាក ធ្វើអាជីវកម្ម របស់ខ្លួន រយៈពេលមួយថ្ងៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ដើម្បីកាន់មរណទុក្ខ សម្តេចជា ស៊ីម ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាវីរៈបុរសរបស់រដ្ឋ។

យ៉ាងណាក៏ដោយ មកទល់នឹងយប់ថ្ងៃទី១៩នេះ ក្រៅពីភោជនីយដ្ឋាន និងរង្គសាល បុប្ឆាជាយដែន ក៏នៅមានក្លឹបកម្សាន្ត ខារ៉ាអូខេមួយចំនួនទៀត ក៏ត្រូវបានគេឃើញ បើក អាជីវកម្មធម្មតា មិនអនុវត្តតាមប្រកាសរបស់ក្រសួងទេ ប៉ុន្តែក៏មាន ក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេមួយចំនួនផ្សេងទៀតដែរ ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនបើកអាជីវកម្ម របស់ខ្លួននោះទេ ព្រោះគេយល់ឃើញថា ថ្ងៃនេះជាថ្ងៃកាន់ទុក្ខមេដឹកនាំ ដ៏ឆ្នើមមួយរូប៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP