(អូស្រ្តាលី)៖ លោកយាយអាយុ៧៣ឆ្នាំម្នាក់ ធ្វើខ្លួនដូចជាមនុស្សពេញវ័យ ដោយគាត់មិនត្រឹមតែស្រឡាញ់កីឡា ប៉ុណ្ណោះទេ ប៉ុន្តែលោកយាយ ថែមទាំងមានស្នេហា ជាមួយបុរសវ័យក្មេង ជាងខ្លួនទៀតផង។
សារព័ត៌មាន DailyMailUK ចុះផ្សាយ ថា លោកយាយ Janice Lorraine រស់នៅក្នុងរដ្ឋ New South Wales គឺជាអ្នកចូលចិត្តលេងកីឡា វ័យចំណាស់ជាងគេបំផុត នៅប្រទេសអូស្ត្រាលី ដោយក្នុងមួយថ្ងៃ គាត់ហាត់ប្រាណបីម៉ោង និងបីថ្ងៃក្នុងមួយសប្តាហ៍ ហើយរយៈពេលបីថ្ងៃ ដែលលោកយាយចំណាយ ពេលហាត់ប្រាណនោះ គឺគាត់ដើរចំងាយ៨គីឡូម៉ែត្រ តែរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
លោកយាយ Lorraine ចាប់ផ្តើមចំណាយពេលលេង កីឡានៅអាយុ៥៥ឆ្នាំ ហើយគាត់ពុំមានការខ្មាស់អៀនឡើយ ក្នុងឈុតសម្លៀកបំពាក់ បែបកីឡាដែលយុវវ័យ និយមស្លៀក មិនតែប៉ុណ្ណោះ គាត់ថែមទាំងមានមិត្តប្រុសម្នាក់ ដែលយល់ចិត្តទៀតផង គឺបុរសនោះមានអាយុ៤៩ឆ្នាំ ឈ្មោះ David Kendall ហើយអ្នកទាំងពីរ រស់នៅជាមួយគ្នារយៈពេល២៥ឆ្នាំ មកហើយ។ ការស្លៀកពាក់ខុសវ័យ របស់លោកយាយ Lorraine បានធ្វើឲ្យមនុស្សមួយចំនួន និយាយថា ពួកគេហាក់ដូចខ្មាស់អៀនជំនួស ដែលឃើញស្ត្រីអាយុលើស៥០ឆ្នាំ ទៅហើយ ស្លៀកឈុតប៊ីគីនីបែបនេះ ទៅរួច៕