បុរសមកពីរដ្ឋ Colorado ម្នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទសម្លាប់ប្រពន្ធមានផ្ទៃពោះរបស់ខ្លួន និងកូនស្រីគួរឱ្យស្រឡាញ់ពីរនាក់របស់ពួកគេ។ ជនសង្ស័យឈ្មោះ Christ Watts អាយុ ៣៣ ឆ្នាំប្រឈមនឹងខចោទប្រកាន់ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោសចំនួន ៣ និងខចោទប្រកាន់ចំនួន ៦ ផ្សេងទៀត។
នៅក្នុងពាក្យបណ្ដឹងតុលាការ លោក Watts បែរជាអះអាងថា អ្នកស្រី Shanan Watts អាយុ ៣៤ ឆ្នាំទេ ជាជនដៃដល់ ដែលច្របាច់កសម្លាប់កុមារី Celeste អាយុ ៣ ឆ្នាំនិងកុមារី Bella អាយុ ៤ ឆ្នាំ ក្រោយពីគាត់ បានសុំនាងលែងលះ។
បុរសរូបនេះ បានប្រាប់ប៉ូលីសថា រូបគេមានកំហឹងក្រេវក្រោធជាខ្លាំង ដែលឃើញប្រពន្ធសម្លាប់កូនស្រីរបស់ខ្លួន ហើយទ្រាំមិនបាន ក៏ដាច់ចិត្ដសម្លាប់ប្រពន្ធរបស់ខ្លួនចោល នៅក្នុងផ្ទះរបស់ពួកគេ នាទីក្រុង Frederick តែម្ដងទៅ។
ការចោទប្រកាន់បទឧក្រិដ្ឋរបស់គេទាំង ៩ ករណីនោះរួមបញ្ចូលទាំង បទសម្លាប់កុមារចំនួនពីរករណី ការពន្លូតកូនដោយខុសច្បាប់ ១ ករណី និងការរុករើសាកសពចំនួន ៣ ករណី។
សាកសពរបស់អ្នកស្រី Watts ត្រូវបានអាជ្ញាធររកឃើញ កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានកប់នៅក្នុងផ្នូរដ៏រាក់មួយក្បែរធុងសាំង នៅបរិវេណក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្ដីរបស់នាងធ្វើការ។
ក្រោយមកទៀត សាកសពរបស់ Bella និង Celeste ត្រូវបានរកឃើញ នៅក្នុងធុងសាំងក្បែរផ្នូររបស់ម្ដាយពួកនាង។ អ្វី ដែលរឹតតែគួរឱ្យសង្វែកនោះ គឺអ្នកស្រី Watts កំពុងតែមានផ្ទៃពោះ ១៥ សប្ដាហ៍។
យោងតាមលិខិតថ្លែងជាលាយលក្ខណ៍អក្សរ ក្រុមនគរបាលស៊ើបអង្កេតបានរកឃើញថា លោក Watts លួចមានទំនាក់ទំនងស្នេហាជាមួយមិត្តរួមការងារម្នាក់ ប៉ុន្ដែលោក Watts បដិសេធចំពោះការចោទប្រកាន់របស់នគរបាល។
ពាក្យបណ្ដឹងតុលាការ បានឱ្យដឹងទៀតថា មិត្ដភក្ដិម្នាក់បានជូនអ្នកស្រី Watts មកដល់ផ្ទះរបស់នាង ត្រឡប់មកពីដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់រដ្ឋ Arizona កាលពីថ្ងៃចន្ទ នៅវេលាមុនម៉ោងពីររសៀលបន្ដិច។
លោក Watts បានប្រាប់ប៉ូលីសថា បន្ទាប់ពីពេលនោះបន្តិច លោកបានប្រាប់ប្រពន្ធខ្លួនថា រូបលោកចង់ចែកផ្លូវគ្នាជាមួយនាង។ លោក Watts បានប្រាប់ប៉ូលីសបន្ថែមថា៖ “វាជាការសន្ទាសមរម្យធម្មតាទេ ហើយពួកគេមិនបានឈ្លោះប្រកែកគ្នាឡើយ ប៉ុន្ដែគ្រាន់តែមានការពិបាកចិត្ដរៀងខ្លួនបន្ដិច”។
យោងតាមលិខិតថ្លែងជាលាយលក្ខណ៍អក្សរ លោក Watts បានប្រាប់ប៉ូលីសថា៖ “បន្ទាប់មកលោកបានសម្រុកចូលទៅមើលហេតុការណ៍ ក្រោយពីដឹងថា Bella ដួលសន្លប់ស្ដូកស្ដឹងនៅលើគ្រែ និងមានសភាពស្លេកស្លាំង ខណៈដែលនាង Shanann ជាប្រពន្ធកំពុងតែច្របាច់ក Celeste”។
ឯកសាររបស់តុលាការខាងលើបានបន្ថែមទៀតថា បុរសរូបនេះនិយាយថា រូបគេបានដឹងសកម្មភាពច្របាច់កសម្លាប់នោះតាមរយៈឧបករណ៍ចាប់សម្លេងកុមារ( baby monitor) ដែលដាក់នៅលើតុត្រង់ចែងគ្រែប្រពន្ធរបស់លោក។
យោងតាមលិខិតថ្លែងជាលាយលក្ខណ៍អក្សររបស់តុលាការ បានឱ្យដឹងទៀតថា បុរសនោះនិយាយថា៖”រូបគេ មានការខឹងក្រេវក្រោធជាខ្លាំង ហើយចុងក្រោយដោយទ្រាំមិនបាន ខ្លួនក៏ច្របាច់កអ្នកស្រី Shanann ដែលជាប្រពន្ធរហូតស្លាប់បាត់បង់ជីវិតតែម្ដងទៅ”។
ជនសង្ស័យឈ្មោះ Christ និយាយថា រូបគេបានប្រមូលសាកសពម្ដាយ និងកូនទាំងបី ដាក់នៅកៅអីក្រោយនៃរថយន្ដដឹកទំនិញរបស់ក្រុមហ៊ុន ដែលលោកធ្វើការ និងបានដឹកសាកសពពួកគេ ទៅលាក់នៅតំបន់ប្រេងឥន្ធនៈ។
មិត្ដភក្ដិម្នាក់របស់អ្នកស្រី Watts បានតេទៅរំលឹកនាង នៅពេលដែលពុំឃើញនាងត្រឡប់មកជួបគ្រូពេទ្យ នៅការណាត់ជួបវេលាម៉ោង ១០ ព្រឹកជាមួយគ្រូពេទ្យនៅថ្ងៃចន្ទ ប៉ុន្ដែមិនមានការឆ្លើយតបពីនាងឡើយ។
មិត្ដភក្ដិម្នាក់នោះ បានតេទៅលោក Watts ដើម្បីសុំឱ្យគេមកផ្ទះ ពីព្រោះនាងមានការព្រួយបារម្ភថា អ្នកស្រី Watts ដែលកើតជំងឺស្បែករ៉ាំរ៉ៃ អាចនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។
លោក Watts បានត្រឡប់មកផ្ទះ ហើយក៏ឃើញវត្ដមាននគរបាល នៅនឹងផ្ទះតែម្ដង។ រូបគេអនុញ្ញាតឱ្យប៉ូលីសឆេកឆេរ ខណៈដែលប៉ូលីស បានរកឃើញកាបូបយួររបស់អ្នកស្រី Watts នៅក្នុងផ្ទះបាយ។
កម្រាលពូក និងភួយត្រូវបានរើចេញ ពីគ្រែគេងប្ដីប្រពន្ធ ប៉ុន្ដែប៉ូលីសបានកត់សម្គាល់ថា ពុំមានសញ្ញាណាមួយបញ្ជាក់ពីការឈ្លោះប្រតាយប្រតប់គ្នាឡើយ។
កាលពីថ្ងៃពុធសប្ដាហ៍មុន លោក Watts បានអំពាវនាវនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ ដោយសុំឱ្យគ្រួសាររបស់លោកត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព ក្រោយពីគេរាយការណ៍ថា ពួកគេបានបាត់ខ្លួនពីផ្ទះ។
រូបគេ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖” ខ្ញុំមានក្ដីសង្ឃឹមថា នាងកំពុងស្ថិតកន្លែងណាមួយ ដែលមានសុវត្ថិភាព។ ខ្ញុំគ្រាន់តែចង់ឱ្យពួកគេត្រឡប់មកផ្ទះវិញប៉ុណ្ណោះ”។
នៅលើបណ្ដាញផ្សព្វផ្សាយសង្គម អ្នកស្រី Watts បានកោតសរសើរប្ដីរបស់នាងថា “ជាឪពុកដ៏អស្ចារ្យម្នាក់ និងជាប្ដីដ៏ល្អម្នាក់”។ ប៉ុន្ដែយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ប្ដីប្រពន្ធទាំងពីរ បានជួបបញ្ហាហិរញ្ញវត្ថុ រួមទាំងបណ្ដឹងក្ស័យធនកាលពីឆ្នាំ ២០១៥ ហើយអ្នកស្រី Watts បានសង្ស័យប្ដីរបស់នាងថា បានផិតក្បត់លួចមានស្រីថ្មី ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ប៊ីប៊ីសុី