CamNews

ព័ត៌មានជាតិ 

តុលាការ ផ្តន្ទាទោស ស្ត្រីនីហ្សេរីយ៉ាម្នាក់ ដាក់គុក២៥ឆ្នាំ ពិន័យ៤០លានរៀល ពីបទជួញដូរ គ្រឿងញៀន ឆ្លងដែន

ភ្នំពេញ ៖ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ១១ ខែ មិថុនា ២០១៤  បានបើក សវនាការ ប្រកាសសាលក្រមលើសំណុំរឿង ស្ត្រីជនជាតិនីហ្សេរីយ៉ាម្នាក់ ជាប់ពាក់ព័ន្ធនឹង ករណី  ជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទមេតំហ្វីតាមីន ហៅ ម៉ាទឹកកក មានទម្ងន់ ១,៥គីឡូក្រាម ពីប្រទេសនីហ្សេរីយ៉ា ឆ្ពោះកមកាន់ប្រទេសកម្ពុជា ប្រព្រឹត្តកាលពីឆ្នាំ២០១៣ ។  ចៅក្រម បានសម្រេច ផ្តន្ទាទោស រូបគាត់ ដាក់ពន្ធនាគារ រយៈពេល ២៥ ឆ្នាំ និង ពិន័យជាប្រាក់ សម្រាប់ដាក់ចូលក្នុង ថវិកាជាតិចំនួន ៤០ លានរៀល។

លោកសួស សំអាត ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យ ដឹងថា ជន ជាប់ចោទខាងលើនេះ មានឈ្មោះ Collin Seniola Bosede ភេទស្រី អាយុ ៣៦ឆ្នាំ សញ្ជាតិ នីហ្សេរីយ៉ា។  គាត់ត្រូវបានចោទប្រកាន់ពីតំណាង អយ្យការ ពីបទ«ជួញដូរដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន»  និង ត្រូវបានចាប់ខ្លួន នៅ ក្នុង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ( ពោធិ៍ចិនតុង) កាលពីថ្ងៃទី៤ សីហា ឆ្នាំ ២៩១៣។  ក្រោយឃាត់ខ្លួន សមត្ថកិច្ច ដកហូតបានគ្រឿងញៀនទម្ងន់ ១,៥គីឡូក្រាម ដែលលាក់ទុក នៅក្នុវ៉ាលីរបស់គាត់។ 

 គួរបញ្ជាក់ថា៖ បន្ទាប់ពីការប្រកាសសាលក្រមភ្លាម ជនជាប់ចោទឈ្មោះ Collin Seniola Bosede បាន ស្រែកថា«អយុត្តិធម៌ណាស់» និង បានស្រែកទួញយំសម្លេងខ្លាំៗ បោកខ្លួន បោកប្រាណ បណ្តាល ឲ្យមានការភ្ញាក់ផ្អើល និង រំខានដល់ភ្ញៀវ និង បន្ទប់សវនាការ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news