CamNews

ព័ត៌មានជាតិ 

ចាប់ក្មេងទំនើង ៨នាក់ យកមកអប់រំ ក្រោយបង្ហោះម៉ូតូ ឌឺមុខរថយន្ត លោកអភិបាលខេត្ត

ពោធិ៍សាត់ ៖ ក្មេងទំនើងចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាលក្រុង ឃាត់ខ្លួន កាលពីវេលាម៉ោង ១០ និង ១០នាទីយប់ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៤ ខណៈដែលក្មេងទំនើងទាំងនោះ បានបង្ហោះម៉ូតូ ប្រដេញគ្នា ឌឺមុខរថយន្តលោកអភិបាលខេត្តពោធិ៍សាត់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណជាង ១០ យប់ ថ្ងៃកើតហេតុ គេឃើញក្មេងទំនើង ទាំងនោះជិះម៉ូតូបង្ហោះប្រដេញគ្នាពេញផ្លូវជាតិលេខ៥ ចាប់ពីទល់មុខសណ្ដាគារ KM ហើយបានឡើងជែង និង រថយន្តរបស់លោកអភិបាលខេត្តពោធិ៍សាត់។

ក្រោយឃើញហេតុការបែបនេះរថយន្ត របស់លោកអភិបាលខេត្ត ក៍បានបើកប្រដេញពីក្រោយ រហូតដល់ទល់មុខសារមន្ទីរខេត្ត ទើបឃាត់ខ្លួន បានក្មេងទំនើងទាំងនោះ បានមួយចំនួនពេលនោះរថយន្តរបស់លោកអភិបាលខេត្ត ក៏រងការខូចខាតផងដែរខណៈដែលក្មេងទំនើងបង្ហោះម៉ូតូទាំងនោះព្យាយាមបើករត់។

សាក្សីក៍បានឲ្យដឹងទៀតថា ក្រោយលោកអភិបាលខេត្តឃាត់ខ្លួនក្មេងទំនើង ទាំងនោះបានមួយចំនួននៅមុខ សារមន្ទីរហើយសមត្ថកិច្ច នគរបាលក្រុងរួមនិងប្រជាការពារមូលដ្ដាន ក៏បានបន្តឃាត់ខ្លួនបានក្មេងទំនើងមួយចំនួនទៀតយកមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការក្រុងពោធិ៍សាត់ទាំងយប់។

សមត្ថកិច្ចក៍បានឲ្យដឹងទៀតថា ក្មេងទំនើងដែលឃាត់ខ្លួនបាននោះរួមមានទី១ឈ្មោះ ឌុល ម៉ៅ ភេទប្រុសអាយុ ២១ឆ្នាំ ទី២ ឈ្មោះ សុង សារ៉ាន់ ភេទប្រុសអាយុ ១៩ ឆ្នាំ ទី៣ឈ្មោះ អឿន ផល្លា ភេទប្រុស អាយុ ១៩ឆ្នាំ ទី៤ ឈ្មោះ សំ វិសាល ភេទប្រុសអាយុ ១៥ ឆ្នាំ ទី៥ឈ្មោះ ជុំ ចាន់រ៉ា ភេទប្រុសអាយុ ១៧ ឆ្នាំ ទី៦ឈ្មោះ សាត សុខនីន ភេទប្រុសអាយុ ១៦ ឆ្នាំ ទី៧ឈ្មោះ អាន អេលីហ្សា ភេទប្រុសអាយុ ១៣ ឆ្នាំ និង ទី៨ឈ្មោះ ឃិន ស៊ីណា ភេទប្រុសអាយុ ១៦ ឆ្នាំ (ក្មេងទំនើងទាំង ៨ នាក់នេះរស់នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់)។

ប្រភពពីសមត្ថកិច្ចក៍បានឲ្យដឹងទៀតថា ក្មេងទំនើងទាំង8នាក់នោះកំពុងឃាត់ខ្លួននៅអធិការដ្ដាននគរបាលក្រុងរយៈពេល ៤៨ ម៉ោង ដើម្បីធ្វើការអប់រំជាលើកទី១ តាមបទបញ្ជារបស់លោកអភិបាលខេត្ត និង លោក ព្រះរាជអាជ្ញា៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news