CamNews

ព័ត៌មានជាតិ 

រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ អះអាងថា អ្នកប្រើប្រាស់ស្លាកលេខកាសែត ត្រូវមានទោសជាប់ពន្ធនាគារ

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអះអាងថា អ្នកប្រើប្រាស់យានយន្តស្លាកលេខមិនត្រឹមត្រូវ ដូចជាស្លាកលេខសារព័ត៌មានជាដើមនោះ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ។

នៅព្រឹកមិញនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះរូបម៉ូតូមួយគ្រឿង ដែលដាក់បំពាក់ស្លាកលេខឈ្មោះ «ក្រសួងព័ត៌មាន មរតកតេជោ»។ លោករដ្ឋមន្រ្តី បានចាត់ទុកថា ការបំពាក់ស្លាកលេខដែលរដ្ឋាភិបាលហាមឃាត់នេះ គឺជាការក្លែងឯកសារសាធារណៈ ។

លោក ខៀវ កាញារីទ្ធ បានសរសេរ នៅលើ Facebook របស់លោក ជាមួយនឹងការបង្ហោះរូបម៉ូតូខាងលើយ៉ាងដូច្នេះថា៖ «ហេតុអីនគរបាលចរាចរណ៍ មើលមិនឃើញ? នេះមិនមែនជាទោសពិន័យទេ តែជាទោសគុក (ក្លែងបន្លំលិខិតសាធារណៈ)»

កន្លងទៅ ក្រសួងព័ត៌មាន ក៏ធ្លាប់ចេញលិខិតហាមប្រាមមិនឱ្យមានស្លាកលេខ សារព័ត៌មាន បំពាក់នៅតាមម៉ូតូ ឬរថយន្តឡើយ។ ក្រសួងបានចាត់ទុកថា ការបំពាក់ស្លាកលេខបែបនេះ គឺជារឿងខុសច្បាប់ និងប៉ះពាល់សេចក្តីថ្លៃថ្នូរបស់សារព័ត៌មាន៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news