CamNews

ព័ត៌មានជាតិ 

ទិវា​សិទ្ធិនារីថ្ងៃស្អែក ថ្ងៃនេះ​បុរសវាយប្រពន្ធ បណ្តាលឲ្យ​ សន្លប់ដេកស្តូកស្តឹង នៅសល់តែដង្ហើមចង្រិត

កំពង់ឆ្នាំងៈ ស្ត្រីវ័យចំណាស់ម្នាក់ បានសន្លប់ដេកស្តូកស្តឹង សល់តែដង្ហើមចង្រិត ហើយត្រូវបាន
សាច់ញាតិ អ្នកជិតខាង ដឹកបញ្ជូនភ្លាមៗ ទៅកាន់មណ្ឌលសុខភាព តាំងក្រសាំង បន្ទាប់ពីស្រ្តីរូប
នោះ ត្រូវបានប្តីរបស់គាត់ ប្រើអំពើហិង្សា យកដំបងវាយ យ៉ាងចាស់ដៃ ។

ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង ២ និង ២៥នាទី នៅខ្ទមស្រែ ក្នុងភូមិស្រែអុក ឃុំ
តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ នារីវ័យ ៣០ ឆ្នាំម្នាក់ ឈ្មោះ ណែម សារ៉េន ដែល
ត្រូវជាប្អូនបង្កើត របស់ជនបង្ក បានឲ្យដឹងថា បងថ្លៃស្រីរបស់ខ្លួន ឈ្មោះ សុខ ថា អាយុ ប្រមាណ
៤៧ ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ត្រូវបានប្តី ដែលត្រូវជាបងបង្កើតរបស់នាង
ឈ្មោះ ណែម ខុម អាយុ ៤២ ឆ្នាំ បានយកដំបង វាយមកលើ ប្រពន្ធរបស់គាត់ ជាច្រើនដំបង
បណ្តាលឲ្យសន្លប់ដេកស្តូកស្តឹង ។

នាង ណែម សារ៉េន បានបន្តឲ្យដឹងថា ខណៈបង ប្រុសបង្កើតរបស់ខ្លួន ទាញដំបងវាយមក លើ
បងថ្លៃស្រី ឃើញដូច្នេះ នាងបានចូលទៅជួយបង ថ្លៃស្រី ប៉ុន្តែត្រូវបងបង្កើត បានវាយមកលើ រូប
នាង ជាច្រើនដំបង ទ្រោមខ្លួនយ៉ាងដំណំ ។

នាង ណែម សារ៉េន បានរៀបរាប់បន្តទៀតថា រឿងរ៉ាវខាងលើផ្តើមឡើង ពីបងប្រុសរបស់ខ្លួន ផឹក
ស្រាស្រវឹង ប្រចណ្ឌប្រពន្ធចោទប្រពន្ធថា អត់ដាំ បាយ ស៊ី តាមពិតបងថ្លៃរបស់នាង ទៅស៊ី ឈ្នួល
ដាំបាយ ក្នុងពិធីការរបស់អ្នកភូមិ ហើយបានដាំបាយឆ្អិន ព្រមទាំងយកសម្លមកពីកន្លែង ការគេទុក
ឲ្យគាត់ហូបទៀតផង ប៉ុន្តែគាត់បានចាក់ បាយ និង សម្លចោល ។

ករណីខាងលើនេះ លោក វង់ នឿន មេភូមិស្រែអុក បានធ្វើរបាយការណ៍ ផ្ញើជូនលោក មេឃុំតាំង
ក្រសាំងជាបន្ទាន់ផងដែរ ។ ប្រជាពលរដ្ឋជាពិសេស សាច់ញាតិស្ត្រីរងគ្រោះ បានសំណូមពរដល់
សមត្ថកិច្ច មេត្តានាំយកជនដៃដល់ធ្វើការអប់រំ ណែនាំ ព្រោះវាជាគំរូអាក្រក់ដល់ គ្រួសារផ្សេងៗ
ទៀត ក្នុងភូមិ ពិសេសបានប៉ះពាល់ ដល់សង្គមជាតិ ហើយម្យ៉ាងវិញទៀត នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃ
ទី៨ ខែមីនា គឺជាទិវាសិទ្ធិនារី អន្តរជាតិផងដែរ ។

បច្ចុប្បន្នស្រ្តីរងគ្រោះ កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពតាំងក្រសាំង ហើយមកទល់ម៉ោង
៥ និង៣០នាទី ថ្ងៃដដែល នេះ ស្រ្តីរងគ្រោះ មិនទាន់អាចនិយាយបាននៅឡើយទេ ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ