(ភ្នំពេញ)៖ តារាសម្ដែងជើងថ្មី ក្រសោបបានតំណែងតួឯកផ្ទួនៗ កញ្ញា ម៉ៅ គីមធីតា ថ្មីនេះ បានរងការចោទប្រកាន់ថា ជាតារាមិនគោរពពេលវេលាថត បានធ្វើឲ្យចាងហ្វាងផលិតកម្ម ត្រូវបានគេស្គាល់ឈ្មោះថា ជា ឈីម ផ្ទុះកំហឹងដាក់ក្បាលដាក់កន្ទុយ រហូតដល់ថ្នាក់ជរដៀលនាងថា នូវពាក្យអសុរសមួយចំនួន ព្រមទាំងដកតំណែងជាតួឯកចោល ទាំងពាក់កណ្ដាលទីទៀតផង។ ក្រោយពីទទួលបានជោគជ័យតួឯកជាបន្តបន្ទាប់ កញ្ញា ម៉ៅ គីមធីតា បានគិតថា ជីវិតនាងបានសុខសាន្ត ប៉ុន្តែបែរជា ផ្ទុះពាក្យចចាមអារ៉ាម ខណៈដែលលោក ជា ឈីម អ្នកថតជើងចាស់ និងជាផលិតករមួយរូបដៀល នាងសុទ្ធតែឆ្កែ។
លោក ជា ឈីម បាននិយាយក្នុងបណ្ដាញសង្គមថា «ខ្ញុំចង់បញ្ជាក់ជាថ្មីថា បញ្ហាតួសម្ដែងខ្ញុំប្រកាសថា នឹងដកចេញពីការសម្ដែងព្រោះនាង(ម៉ៅ គីមធីតា) មិនមានការទទួលខុសត្រូវ ដោយមិនគោរពពេលវេលា និងការសន្យា។ ក្រុមការងារតម្រូវចេញថតនៅភ្នំស្រង់ ថតបានមួយថ្ងៃ ហើយត្រូវគេងមួយយប់ តែនាងត្រូវត្រឡប់មកវិញ ដោយសន្យាថា ត្រូវត្រឡប់ទៅថតនៅព្រឹកស្អែកវិញ។ លុះព្រឹកស្អែកក្រុមការងារ និងតួសម្ដែងផ្សេងៗបានត្រៀមលក្ខណៈសព្វគ្រប់រង់ចាំ នាងមិនបានមកតាមសន្យា ក្រោយមកអ្នកចាត់ការទូទៅ បានទូរស័ព្ទទៅតែនាងបានបិទទូរស័ព្ទ ធ្វើឲ្យក្រុមការងារត្រូវខាតពេលវេលា និងលុយកាក់ ហើយក្រុមការងារ ក៏ត្រូវរំសាយដោយមិនបានថត»។
ប្រភពដដែលបន្តថា «នេះជាលើកទី១។ លុះលើកទី២នេះ ក្រុមការងារបានណាត់គ្នា ត្រូវថតជាថ្មីនាងតួសម្ដែងម្នាក់នោះ ក៏យល់ព្រមទទួលដោយផ្ដល់ថ្ងៃថតឲ្យក្រុមការងារខ្ញុំ។ លុះដល់ថ្ងៃត្រូវចេញថតក្រុមការងារចេញដំណើរ ស្រាប់តែនាងទូរស័ព្ទមកប្រាប់ថា នាងជាប់រវល់មិនបានថតឲ្យខ្ញុំវិញ។ សិល្បៈទី៧របស់យើងកំពុងតែងើបឡើងវិញ តែនាងបែជាមកជាន់ពន្លិច ក្នុងចរឹកបោកប្រាស់ផលិតករទៅវិញ.? សូមបងប្អូនជួយពិចារណានូវអត្តចរឹក តួសម្ដែង ឈ្មោះនាង ម៉ៅ គឹមធីតា នេះមើល ថាតើនាងមកបំផ្លាញសិល្បៈ ឬក៏មកយកសិល្បៈជាឈ្នាន់?»។
ជុំវិញបញ្ហាចោទប្រកាន់ធ្ងន់ៗនេះ ស្រីស្អាត ម៉ៅ គីមធីតា បានប្រាប់ Khmertalking ថា នាងពិតជាមានបញ្ហាធំ ក្នុងថ្ងៃថត មិនអាចទៅបានមែន មិនមែននាងលេងចរឹតតួឯកទេ ។ នាងក៏បានសុំទោសលោកពូ ជា ឈីម ដែរ ហើយក៏ណាត់ថ្ងៃថតគ្នាម្ដងទៀត តែក្រោយពីគាត់បានផុសឲ្យនាងរបៀបនេះ នាងសុំមិនសម្ដែងបន្តដូចគ្នា។ ជាការពិតតារាសម្ដែងស្រី ដែលត្រូវប៉ាន់ ពិតជាត្រូវថតច្រើនក្រុមក្នុងមួយថ្ងៃៗ មិនមែនមួយក្រុមទេ ភាគច្រើនចាប់ពីពីរឡើង ដូចនេះត្រូវដាក់ថ្ងៃគ្នាឲ្យច្បាស់ កុំឲ្យមានបញ្ហាដូចនេះទៀត៕






ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង