CamNews

តារា 

តាក់ ណារីតា៖ «ខ្ញុំមិនចង់បានភាពល្បីល្បាញ ដោយសារការដោះដូរខ្លួនប្រាណឡើយ»

(ភ្នំពេញ)៖ «មានគេស៊ើបសួរខ្ញុំច្រើន សួររបៀបបញ្ឆិតបញ្ឆៀង លើរឿងនេះ តែខ្ញុំបានបដិសេធចំពោះ​ការដោះ​ដូរខ្លួនប្រាណ ដើម្បីបានភាពល្បី ព្រោះខ្ញុំចង់មានអ្វីៗ ដោយសមត្ថភាពពិតៗ មិនពឹងគេ ឬឲ្យមានគេជួយ​តាមរបៀបនេះ និយាយរួម​ខ្ញុំអត់ចង់បានការដោះដូរ អ្វីឡើយ»។ នេះជាការលើកឡើង របស់អតីតបេក្ខនារី ក្នុងកម្មវិធី «The voice Cambodia» កញ្ញា តាក់ ណារីតា ដែលបានថ្លែងប្រាប់ Khmertalking នាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងឱកាសថ្ងៃខួបកំណើត របស់នាង។

អតីតបេក្ខនារី​ ក្នុងកម្មវិធីលំដាប់ពិភពលោក និងបច្ចុប្បន្នជាតារាចម្រៀងប្រចាំ នៅក្នុងភោជនីយដ្ឋាន Beer Station រូបនេះ បានឲ្យដឹងទៀតថា នាងពិតជាស្រឡាញ់សិល្បៈខ្លាំង ហើយក្នុងជីវិតរបស់នាង នឹងផ្ញើខ្លួនផ្ញើប្រាណ លើមាគ៌ាសិល្បរហូតហើយ ប៉ុន្តែមិនមែនតែដើម្បីភាពល្បីល្បាញ នាងសុខចិត្តធ្វើអ្វីមួយ​តាមផ្លូវកាត់ ឬដោយការដោះដូរខ្លួនប្រាណ​ នោះទេ ពោលគឺចង់ឲ្យមានកេរ្តិ៍ឈ្មោះ ដោយសមត្ថភាពខ្លួនឯងពិតៗ ដោយទេពកោស​ល្យពិតៗ ហើយនាងក៏មិនចូលចិត្ត អ្នកដែលចង់ឲ្យនាងល្បី តាមផ្លូវបែបនេះឡើយ។

ស្រីស្រស់ទើបតែប្រារព្ធ កម្មវិធីខួបកំណើត​គម្រប់​វ័យ២៣ឆ្នាំ កញ្ញា តាក់ ណារីតា បានសង្កត់ធ្ងន់ថា អ្វីដែលនាងធ្វើសព្វថ្ងៃនេះ គឺ​ដើម្បីបំពេញក្ដី​​បំណងរបស់ខ្លួន ដែលបានប៉ង​ប្រាថ្នា​ជាយូរមកហើយ តែក្នុងការងារនេះ ជាធម្មតា​តែងតែមានអ្នកមកសួរនាំ​នាង ដោយប្រយោល គេមិនហ៊ានសួរត្រង់ៗទេ ប៉ុន្តែចម្លើយ គឺមិនអាចទទួល​យកបាន ព្រោះការឆ្លងបទពិសោធន៍ រយៈពេលជាង៣ឆ្នាំមកនេះ នាងអាចយល់ដឹង​ច្រើនហើយ។

សកម្មភាពសិល្បៈ របស់តារាចម្រៀង តាក់ ណារីតា ត្រូវបានគេសង្កេតឃើញថា បច្ចុប្បន្ននេះ នាងកំពុងតែ​និពន្ធបទភ្លេង និងទំនុកច្រៀងថ្មី «Oragenal Song» ដោយខ្លួនឯង ហើយបទនោះ មានចំណងជើងថា «បាន iPhone6 ចោល អិនចុចពិល» ប៉ុន្តែព្រោះនាងត្រូវជាប់កុងត្រា១ឆ្នាំ ជាមួយកម្មវិធី «The voice Cambodia» នាងមិនទាន់អាចចូលជ្រក ក្នុងផលិតកម្ម​ណាមួយបានឡើយ ទោះបីជាកន្លងមក មានគេទាក់ទងមកច្រើនក្ដី។

កញ្ញា តាក់ ណារីតា ត្រូវបានមហាជនស្គាល់​ជាទូទៅថា នាងជាបេក្ខនារីលេចធ្លោ​មួយរូប ក្នុងកម្មវិធី «The voice Cambodia» រដូវការទី២ ដែលបានជាប់ ដល់វគ្គ Live Show តាមរយៈការបកស្រាយបទចម្រៀង មានចំណងជើងថា «ភ្លៀវធ្លាក់ក្នុងបេះដូង»។ ទោះបីជាមិនបានជាប់ជាជយលាភីក្ដី ប៉ុន្តែនាងសប្បាយចិត្ត និងចង់បង្ហាញស្នាដៃខ្លួនឯង តាមរយៈ ការធ្វើបទ «Oragenal Song» ហើយបើមានការគាំទ្រខ្លាំង នាងនឹង​នឹងប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Tak narita