(ភ្នំពេញ)៖ បើទោះបីជាគ្រួសារ បានចាត់ទុកថា វិស័យសិល្បៈ គឺសង្វៀនមួយ ដែលពោរពេញដោយគ្រោះថ្នាក់សម្រាប់ខ្លួន ក៏តារាសម្ដែងមានរូបឆោមលោមពណ៌ ស្រស់ស្អាត កញ្ញា សូ លីហ្សា នៅតែជំនះរនាំងមួយនេះ ដើម្បីចូលប្រឡូកក្នុងពិភពសិល្បៈ ដោយមិនបានខ្លាចរអាអ្វីនោះទេ ពោលគឺនាងគិតថា គ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់ វាអាស្រ័យលើខ្លួនឯង ជាអ្នកប្រព្រឹត្ត ហើយនាង ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបកស្រាយឲ្យមហាជនបានដឹងថា ខ្លួនកំពុងធ្វើអ្វី មានជាប់ដិតដាមលើរឿងអ្វីខ្លះ។
ការហ៊ាននិយាយថា ពិភពសិល្បៈពោរពេញ ដោយគ្រោះថ្នាក់ គឺដោយសារកន្លងមក តារាសម្ដែង តារាចម្រៀង ច្រើនដួងណាស់មកហើយ តែងតែរងនូវពាក្យនិន្ទា ច្រណែនឈ្នានីសគ្នា ការពេបជ្រាយពីមហាជន និងពាក្យចចាមអារ៉ាម ជុំវិញរឿងអាស្រូវស្នេហា ជាមួយអ្នកនេះ ជាមួយអ្នកនោះ រហូតអ្នកសិល្បៈខ្លះ ត្រូវរងនូវភាពអាម៉ាស បាត់កេរ្តិ៍ឈ្មោះ កិត្តិយស ហើយក៏មានអ្នកខ្លះ ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតទៀតផង ប្រសិនបើតារានោះ ត្រូវបានប្រមាញ់ស្នេហ៍ពីក្រុមមនុស្សមានអំណាច មានឥទ្ធិពល ក្នុងសង្គម។
យ៉ាងណាមិញ ស្រីស្រស់រាងខ្ពស់ស្រឡះ មានមន្តស្នេហ៍ កញ្ញា សូ លីហ្សា មិនសូវបានចេញមុខចេញមាត់ខ្លាំង ដូចអ្នកសិល្បៈដទៃឡើយ ខណៈដែលសម្ផស្សរបស់នាង បានក្លាយជាទីចាប់អារម្មណ៍ខ្លាំង របស់ក្រុមកន្លង់ៗ សម្បូរទ្រព្យចាយលែងអស់ ដែលចូលចិត្តជះដុំដុល្លារ រាយអន្ទាក់ស្នេហ៍ ចង់យករូបនាងមកធ្វើជាស្រីកំណាន់ចិត្ត ទាំងខ្លួនមានជាប់ពាក់ព័ន្ធ នឹងប្រពន្ធកូន។ ចំណុចនេះហើយ បានធ្វើឲ្យតារាសម្ដែង សូ លីហ្សា ត្រូវបានគ្រួសារឃាត់ឃាំង មិនឲ្យប្រឡូកក្នុងវិស័យមួយនេះ ដែលគ្រួសារនាង បានចាត់ទុកថា អាចមានគ្រោះថ្នាក់ដល់ខ្លួន។
ជួបជាមួយ Khmertalking ស្រីស្រស់សម្ផស្សឆើតឆាយ កញ្ញា សូ លីហ្សា បានថ្លែងថា មូលហេតុដែលនាង មិនបានចេញមុខចេញមាត់ខ្លាំង ក្នុងការងារសិល្បៈ ព្រោះតែគ្រួសារបានហាមឃាត់ ដោយឪពុកម្ដាយមិនចង់ឮពាក្យថា កូនស្រីមានរឿងរ៉ាវ ស្នេហាត្រីកោណ ឬទាក់ទងជាមួយ អ្នកមានម្ចាស់ណាម្នាក់នោះទេ។ គ្រួសារ តែងតែចង់ឲ្យកូនជៀសផុត ពីរឿងអាស្រូវទាំងឡាយ ប៉ុន្តែដោយសារតែចិត្តស្រឡាញ់ខ្លាំង មិនអាចកាត់ផ្ដាច់បាន ទើបនាងសម្រេចចិត្ត ជំនះរនាំងគ្រួសារ ចូលមកកាន់តំបន់ ដ៏គ្រោះថ្នាក់នេះវិញ។
សូ លីហ្សា និយាយថា « ច៎ាបង.. ប៉ាម៉ាក់មិនចង់ឲ្យខ្ញុំ ប្រឡូកក្នុងសិល្បៈទេ គាត់ខ្លាចខ្ញុំមានរឿងជាមួយអ្នកនេះ ឬអ្នកនោះ ព្រោះគាត់បានឃើញ អ្នកសិល្បៈច្រើនហើយ ដែលរងគ្រោះរបៀបនេះ។ តែខ្ញុំគិតថា រឿងហេតុយ៉ាងណា កើតឡើងចំពោះខ្លួន ក៏ដោយសារតែមកពីខ្លួនយើងដែរ បើយើងមិនប្រព្រឹត្តិ ឬមិនយកខ្លួនបៀត ក៏មិនជួបរឿងអ៊ីចឹងដែរ។ ខ្ញុំចូលសិល្បៈ គឺព្រោះតែចិត្តស្រឡាញ់តែម្យ៉ាងគត់ មិនបានគិតដល់រឿងអ្វីផ្សេង ពីនេះទេ..!»។
តារាសម្ដែង សូ លីហ្សា ក្រៅពីសម្ដែងរឿងមួយចំនួន ម្ដងម្កាលក៏គេឃើញនាង ដើរបង្ហាញម៉ូដ ក្នុងកម្មវិធីតូចធំនានា តាមបណ្ដាក្រុមហ៊ុន ផលិតផលផ្សេងៗ ដែលបានអញ្ជើញនាងឲ្យចូលរួម ហើយការបង្ហាញមុខជាថ្មីនេះ នាងបានអះអាងថា នឹងបើកឱកាសឲ្យផលិតករ ទាក់ទងថតរឿងជាហូរហែ ខណៈពេលវេលា ក៏មានច្រើន មិនដូចមុនឡើយ៕














