យោងតាមរបាយការណ៍អំពីការស្លាប់ភ្លាមៗ គេដឹងថា មនុស្សស្លាប់ដោយការវាយប្រហារពីត្រី
ឆ្លាម គឺមានចំនួនតិចជាង បើធៀបនឹងការស្លាប់ដោយការថតរូបខ្លួនឯង(Selfie)។
ថ្មីៗនេះ អ្នកទេសចរណ៍ជនជាតិអាលឺម៉ង់ម្នាក់ ទើបតែបានស្លាប់ ខណៈកំពុងលោតថតរូបខ្លួនឯង
នៅតំបន់ប្រាសាទ Machu Picchu នៅ Peru កាលពីសប្ដាហ៍មុន។ ក្រុមមន្ដ្រីមានសមត្ថកិច្ច បាន
រកឃើញសាកសពជនរងគ្រោះ នៅក្នុងចម្លោះថ្មភ្នំមួយកាលពីថ្ងៃទី ៣០ឧសភាកន្លងទៅ។ BBC
ចុះផ្សាយថា ជនរងគ្រោះម្នាក់នេះ មានឈ្មោះថា Oliver Park អាយុ ៥១ឆ្នាំ។
បុគ្គលិកនៅតំបន់ទេសចរណ៍ Machu Picchu ឱ្យដឹងថា Park មិនបានយកចិត្តទុកដាក់ទៅលើ
ស្លាកសញ្ញាព្រមានអំពីគ្រោះថ្នាក់នោះទេ។ Park បានធ្លាក់ពីលើចង្កេះភ្នំ ខណៈកំពុងលោតដើម្បី
ថតរូបខ្លួនឯង។
យោងតាមការរកឃើញរបស់ The Metro គេបានដឹងថា ការស្លាប់ដោយសារ selfie កាន់តែមាន
ច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០១៥ មានអ្នកស្លាប់ដោយសារ selfie ឡើងដល់ ១២នាក់។
គេហទំព័រ Priceonomics រាយការណ៍ថា ចាប់តាំពីខែមករា ឆ្នាំ ២០១៤ ដល់ខែមករា ឆ្នាំ ២០១៦
មានមនុស្សស្លាប់ដោយសារ selfie មានចំនួន ៤៩នាក់។ ពួកគេភាគច្រើន មានអាយុជាមធ្យម
២១ឆ្នាំ ហើយ ៧៥% គឺជាបុរស។
កាលពីខែមិនាកន្លងទៅ គ្រោះថ្នាក់មួយដូចគ្នានេះបានកើតឡើងនៅ Washington។ បុរសម្នាក់
បានបាញ់ខ្លួនឯង ខណៈកំពុងថតរូប ជាមួយនឹងកាំភ្លើងដែលគាត់ស្មានថាគ្មានគ្រាប់។
ថ្វីបើកន្លែងខ្លះ មានការព្រមានអំពីគ្រោះថ្នាក់ដោយសារការថត selfie ប៉ុន្តែ មនុស្សភាគច្រើន
មិនបានយកចិត្តទុកដាក់នោះទេ
កាលពីឆ្នាំ ២០១៥ នៅឥណ្ឌា មនុស្សមួយក្រុម មានគ្នា ៤នាក់ បានឡើងលើផ្លូវរទេះភ្លើង ដើម្បី
ថតរូប ខណៈរថភ្លើងជិតនឹងមកដល់។ ដោយសាររថភ្លើងមានល្បឿនលឿន ពួកគេក៏លោតចុះ
មិនទាន់ បណ្ដាលឱ្យមនុស្សបីនាក់បានស្លាប់ នេះបើតាមគេហទំព័រ Times of India។
ក្រសួងមហាផ្ទៃរុស្សី បានព្រមានអំពីគ្រោះថ្នាក់ដោយសារការថតរូបខ្លួនឯង ខណៈមានមនុស្ស
ស្លាប់ជាច្រើននាក់ ក្នុងឆ្នាំ ២០១៥។
ប្រែសម្រួល ៖ បុត្រា