ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) កំពុងតែលេងល្បែងកម្សាន្តដោយខ្លួនឯងសម្តែងជាតួស្លូត ចំណែកកូនចៅដើរតួកាច ក្នុងករណីទំនាស់ព្រំដែនរវាងកម្ពុជា និងវៀតណាម។
សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងនេះ បន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណជា ១០នាក់ បានដាក់ពាក្យបណ្តឹងប្តឹងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីសម្តេច ហេង សំរិន មិនព្រមបញ្ជូនពាក្យបណ្តឹងរបស់ពួកគេ ទៅសម្តេចតេជោ ឲ្យផ្អាកបោះបង្គោលព្រំដែនជាបណ្តោះអាសន្នជាមួយវៀតណាម។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីប្រគេនសញ្ញាបត្រ ដល់សមណនិស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានជាតិអប់រំ នា ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ថា ចំពោះតំណាងរាស្រ្ត CNRP ដាក់ពាក្យបណ្តឹងសម្តេច ហេង សំរិន នោះសូមឲ្យលោក សម រង្ស៊ីជួយត្រួតពិនិត្យមើលកូនបន្តិចមើល ។
សម្តេចថា "ឥឡូវមេសន្ទនា ហើយកូនចៅធ្វើចឹង ឥឡូវធ្វើម៉េច នេះជាចំណោទចោទសួរវាទាមទារនូវការជឿទុកចិត្តគ្នា ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ ឥឡូវមានសញ្ញានូវការសង្ស័យ សូមផ្តាំទៅឯកឧត្តម សម រង្ស៊ី ។ ក្រែងមានសញ្ញាថា ឯកឧត្តម សម រង្ស៊ី ដើរតួស្លូតជាមួយ ហ៊ុន សែន ហើយទុកមនុស្សមួយចំនួនឲ្យបំផ្លាញតាមរបៀបតួកាច"។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា អត់មានបញ្ហាអ្វីទេបើចង់លេងជាមួយសម្តេច លេងបានគ្រប់យ៉ាង គឺសម្តេចទទួលយកបានទាំងអស់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល