CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តTUNDRA បោះពួយទៅលើសួនច្បារ និងបង្គោលភ្លើងបាក់១ដើម (Video inside)

(ភ្នំពេញ)៖ បុរសម្នាក់ដែលជាម្ចាស់រថយន្ត TUNDRA ហើយត្រូវបានអ្នកដំណើរអះអាងថា មានអាការៈស្រវឹងនោះ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA TUNDRA ទៅបោះពួយទៅបុកបង្គោលភ្លើង និងឡើងលើសួនច្បារ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយហេតុការណ៍នេះ បានកើតឡើងនាម៉ោង៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូនេះ ស្ថិតនៅតាមបណ្តោយ ផ្លូវមុនីរ៉េត ត្រង់មុខផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

អ្នកដំណើរម្នាក់ដែលជិះម៉ូតូ ពីក្រោយរថយន្តនេះបានប្រាប់ថា មុនកើតហេតុរូបគាត់ បានឃើញរថយន្តបង្កម៉ាក TUNDRA ពណ៌ស ស្លាកលេខភ្នំពេញ 2AL-1754 បើកដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាខ្លាំងហើយ ព្រោះបើករ៉េពេញផ្លូវតែម្តង។

អ្នកដំណើររូបនោះបានបន្តទៀតថា លុះបើកមកដល់ចំណុចកើតហេតុ ត្រង់មុខផ្សារស្ទឹងមានជ័យថ្មី ម្ចាស់រថយន្តបានប្រឹងបន្ថែមល្បឿន ឲ្យលឿនទៅទៀត តែមិនទាន់ជាន់បានលឿនប៉ុន្មានផង ស្រាប់តែឃើញរថយន្តហោះទៅឡើងលើសួនច្បារ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើម។

សាក្សីឃើញហេតុការណ៍នេះដដែលបន្ថែមទៀតថា បន្ទាប់ពីបើកហោះឡើងលើសួនច្បារ និងបុកបង្គោលភ្លើងរួចមកគេ បានឃើញម្ចាស់រថយន្តបង្កខាងលើ ព្យាយាមបើករថយន្តរត់ដែរ តែដោយសាររថយន្តខូចទើប មិនអាចបើករត់រួច ក៏បើកទ្វារចុះចេញពីរថយន្ត ហៅម៉ូតូឌុបជិះចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកនៅតែរថយន្ត នៅកន្លែងបុកតែប៉ុណ្ណោះ។

ក្រោយកើតហេតុរថយន្តត្រូវបាន នគរបាលចរាចរណ៍ខណ្ឌមានជ័យ ស្ទួចយកទៅរក្សាទុក និងរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួន មកដោះស្រាយសងសំណង ដើម្បីបញ្ចប់រឿង៕


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh