(ភ្នំពេញ)៖ តារាសម្ដែងមានប្រវត្តិតស៊ូ យ៉ាងស្វិតស្វាញក្នុងវិស័យសិល្បៈ លោក នរៈ សិរីវិទ្យា មួយរយៈពេលចុងក្រោយនេះ ហាក់កំពុងតែទទួលរង នូវព្រនង់រិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ជាពិសេសក្នុងបណ្ដាញសង្គម Facebook ធ្វើឲ្យកក្រើកខុសប្លែក ពីតារាសម្ដែងដទៃ ជុំវិញការតុបតែងលេងស្ទីល តែងខ្លួនរបស់លោក ដោយអ្នករិះគន់ទាំងនេះ បានបញ្ចេញទស្សនៈថា លោកចម្លងស្ទីលតាមតារាបរទេស ជាពិសេសគឺតារាកូរ៉េ ពេលឡើងលើឆាកតន្រ្តីម្ដងៗ។
ប៉ុន្តែទោះបីជា មានអ្នករិះគន់ហាក់កំពុងបាញ់ស្រោច មកលើរូបលោកក្ដី ប៉ុន្តែតារាសម្ដែង នរៈ សិរីវិទ្យា មិនបានតបតអ្វីគួរឲ្យភ្ញាក់ផ្អើលវិញឡើយ ហើយក៏គ្មានកំហឹងនឹងអ្នករិះគន់ទាំងនោះដែរ ដោយលោកគិតថា ថ្ងៃណាមួយពួកគេនឹងយល់ពីអត្ថន័យ នៃការតែខ្លួនរបស់លោក។
ថ្លែងប្រាប់ Khmertalking នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នេះ តារាសម្ដែងមានឈ្មោះ បោះសំឡេងល្បីគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈ លោក នរៈ សិរីវិទ្យា បានឲ្យដឹងថា ការរិះគន់ទាំងអម្បាលមាណ គឺលោកទទួលយកទាំងអស់ ព្រោះជាធម្មតាអ្នកសិល្បៈ តែងតែគេចមិនផុតពីការរិះគន់ ព្រោះពេលខ្លះមានអ្នកចូលចិត្ត ពេលខ្លះក៏អត់មានអ្នកចូលចិត្ត។ ប៉ុន្តែលោកសុំឲ្យអ្នករិះគន់ទាំងនោះ ត្រូវរិះគន់ក្នុងលក្ខណៈស្ថាបនា កែលម្អ កុំរិះគន់ក្នុងលក្ខណៈច្រណែន ឈ្នានីស ឬជាន់ពន្លិច ព្រោះសុទ្ធតែជាខ្មែរដូចគ្នា ហើយក្នុងនាម លោកជាអ្នកសិល្បៈ លោកតែងតែចង់ឲ្យសិល្បៈវប្បធម៌របស់យើង ត្រូវបានល្បីសុះសាយដល់ក្រៅប្រទេស តែបើគ្រាន់លោកស្លៀកពាក់ប៉ុណ្ណឹង ក៏រិះគន់ដែរ តើពេលណាទើបសិល្បៈខ្មែរ អ្នកសិល្បៈខ្មែរ បានល្បីដូចបណ្ដាប្រទេសជិតខាង?
តារាសម្ដែង កំពុងតែវិវឌ្ឍន៍ខ្លួន ទៅជាតារាចម្រៀង លោក នរៈ សិរីវិទ្យា បានបន្ថែមថា ជាការពិតក្នុងនាម រូបលោកជាអ្នកសិល្បៈ លោកត្រូវតែមានអ្វីដែលប្លែក សម្រាប់ទស្សនិកជន សម្រាប់អ្នកគាំទ្រ ព្រោះដើម្បីកុំឲ្យគេថា ច្រំដែលៗ គ្មានស្ទីលណាថ្មី ហើយការតុបតែងខ្លួន ឬការលេងម៉ូដសក់របស់លោកកន្លងមក ក៏មិនបានចម្លង ពីស្ទីលរបស់តារាបរទេសណាមួយឡើយ ពោលជាគំនិតច្នៃប្រឌិត និងជាការតុបតែងមួយ តម្រូវទៅតាមកម្មវិធីនីមួយៗ។
នរៈ សិរីវិទ្យា និយាយថា «ខ្ញុំអត់មានខឹងនឹងអ្នករិះគន់ទេបង..! ហើយថ្ងៃណាមួយពួកគេ នឹងយល់ពីអត្ថន័យ នៃការតែងខ្លួនរបស់ខ្ញុំ ព្រោះខ្ញុំជាអ្នកសិល្បៈ ត្រូវតែមានអ្វីថ្មីប្លែក ជានិច្ច ។ ខ្ញុំទទួលយកទាំងអស់ ចំពោះការរិះគន់ ដើម្បីស្ថាបនាឲ្យល្អទាំងអស់គ្នា ខ្ញុំមិនមែនមិនយល់ពីកាលៈទេសៈទេ ។ ពេលឡើងឆាកតន្ត្រីសម័យ ខ្ញុំត្រូវស្លៀកបែបណា ឆាកបុរាណ ខ្ញុំត្រូវស្លៀកបែបណា ខ្ញុំត្រូវតែផ្លាស់ប្ដូរ តាមពេលវេលា..!» ។
លោក នរៈ សិរីវិទ្យា បានកត់សម្គាល់ឃើញថា អ្នករិះគន់រូបលោកកន្លងមក មានអ្នកខ្លះ រិះគន់ក្នុងនៃស្ថាបនា កែលម្អ ប៉ុន្តែមានអ្នកខ្លះរិះគន់ ក្នុងន័យជាន់ពន្លិចតែម្ដង ព្រោះឲ្យតែឃើញរូបលោក ឡើងឆាកតន្ត្រីពេលណា ទោះបីជាលោកស្លៀកពាក់ម៉ូដអ្វី ក៏រិះគន់ដែរ ហាក់ដូចជាមានកំហឹងជាមួយលោក តាំងពីពេលណាអ៉ីចឹង ពោលគឺញយដងតែម្ដង។ ប៉ុន្តែទោះបីជាយ៉ាងណា លោកក៏មិនបានតបត ឬមានកំហឹងជាមួយវិញដែរ ដោយគិតថា ថ្ងៃណាមួយពួកគេនឹងយល់ពីអត្ថន័យ និងយល់ពីកាលៈទេសៈ ដែលរូបលោកកំពុងធ្វើ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង