CamNews

ព័ត៌មានជាតិ 

ស្រីស្រស់ ប្រុសសង្ហា ៣នាក់ បើករថយន្ដស្ព័រខុសផ្លូវ ឡើងសួននាគបាញ់ទឹក រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសនារីបីនាក់ ក្នុងអាការៈស្រវឹង បានជ្រុលចង្កូតរថយន្តស្ព័ររបស់ខ្លួន ឡើងសួននាគបាញ់ទឹក រងការខូចខាតយ៉ាងដំណំ ជាមួយគ្នានោះសមត្ថកិច្ច មិនបានចុះអន្តរាគមន៍នោះទេ ខណៈដែលគេដឹងថា ម្ចាស់រថយន្តជាកូនអ្នកធំមានអំណាច។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស្ព័រ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-6119 នៅម៉ោង ប្រមាណ២ទៀបភ្លឺ បានបើកយ៉ាងលឿន តាមផ្លូវព្រះសីហនុពីលិចទៅកើត លុះដល់រង្វង់មូលនាគបាញ់ទឹក បានបួងចង្កូតបត់ទៅជើង ប៉ុន្តែស្រាប់តែជ្រុលចង្កូត ឡើងសួននាគបាញ់ទឹក ក្នុងសង្កាត់ទន្លេបាសាក់ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ហេតុការណ៍នេះសំណាងល្អដែរ ព្រោះពុំមាននរណាម្នាក់រងគ្រោះថ្នាក់ ទាំងអ្នកបើកបរ អ្នករួមដំណើរ និងអ្នកធ្វើដំណើរតាមផ្លូវ។

អ្នកដំណើរម្នាក់ បានឲ្យដឹងថា ក្រោយហេតុការណ៍បន្តិច កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ប៉ុន្តែពុំបានធ្វើការឃាត់ខ្លួន ឬក៏សួរនាំ អ្នកបើកបររថយន្តឡើងសួនសាធារណៈនោះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាបណ្តោយឲ្យអ្នកនៅក្នុងរថយន្ត រើឥវ៉ាន់ចេញរួចនាំគ្នាជិះម៉ូតូឌុប ចេញទៅបាត់អស់។

បន្ទាប់ពីម្ចាស់ចេញទៅបាត់អស់ មន្រ្តីជំនាញបានស្ទួចរថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP