ភ្នំពេញ៖ ជាការវិវត្តន៍មួយជំហានទៀត របស់រាជធានីភ្នំពេញនា ខែកុម្ភះឆ្នាំ២០១៤ខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងដំណើរការសាកល្បង លើសេវារថយន្តក្រុងសាធារណៈ ដើម្បីរួម ចំណែក កាត់បន្ថយការកក់ស្ទះ ចរាចរណ៍នៅទីក្រុង។
ការសាកល្បងសេវារថយន្តក្រុងសាធារណៈនេះ ត្រូវបានអ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោកឡុង ឌីម៉ង់ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នេះគ្រាន់តែជាគម្រោងសាក ល្បងប៉ុណ្ណោះ ដែលទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រជុំពិភាក្សាជាមួយ គ្នាកាលពីថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៣ ។
លោកឌីម៉ង់ បន្តថាលោកសង្ឃឹមថា គម្រោងសាកល្បងសេវារថយន្តក្រុងសាធារណៈនេះនឹង មានការគាំទ្រពីប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែស្ថានភាពចរាចរណ៍ក្នុង រាជធានីភ្នំពេញបច្ចុប្បន្នមានការកក់ស្ទះ។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ រថយន្តក្រុងនឹងរត់ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ហើយដំណើរការពីម៉ោង ៥ និង៣០ នាទីព្រឹក ដល់ ម៉ោង ៨ និង៣០ នាទីយប់។ ចម្ងាយដំណើរ ការសេវារថយន្តក្រុងសាធារណៈនេះ មានប្រហែល ៧,៥ គីឡូម៉ែត្រ គឺគិតចាប់ពីស្ដាតចាស់ ទៅ កាន់ផ្សារច្បារអំពៅ ហើយបើទទួលបានការគាំទ្រ គម្រោងនេះនឹងត្រូវស្នើទៅរដ្ឋាភិបាល ដើម្បី ដំណើរការជារៀងរហូត។
លោកបន្ថែមថា «បញ្ហាតំលៃយើងកំពុងសិក្សាជាមួយដៃគូពាក់ព័ន្ធ ហើយខ្ញុំក៏សុំអំពាវនាវឲ្យ ប្រជាពលរដ្ឋគាត់សាកល្បងជាមួយយើង ព្រោះស្ថានភាពរាជធានីភ្នំពេញឥឡូវ មានការផ្លាស់ ប្ដូរច្រើនមិនដូចលើកមុននោះទេ»។
ជាការគត់សម្គាល់ការកក់ស្ទះចរាចរណ៍បានក្លាយជា ទម្លាប់មួយទៅហើយសំរាប់រាជធានីភ្នំពេញ ដែរមូលដ្ឋានសេដ្ឋកិច្ច របស់ប្រទេស។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ធ្លាប់បានដាក់សាកល្បងម្ដងរួចហើយ នូវសេវារថយន្តក្រុងសាធារណៈ ប៉ុន្តែត្រូវបានបរាជ័យដោយ មិនមានការគាំទ្រពីប្រជាពលរដ្ឋ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល