CamNews

ភាពយន្ត 

ពានរង្វាន់ Golden Globe ២០១៨ សម្រាប់ខ្សែភាពយន្ត Animation បានទៅលើរឿង...

ខ្សែ​ភាព​យន្ត​តុក្កតា​ Coco បាន​ឈ្នះ​ពាន​រង្វាន់​​ Golden Globe ២០១៨ សម្រាប់ផ្នែក​ Animation ល្អ​បំផុត។​ ក្រុមហ៊ុន​ Pixar film បាន​ឈ្នះ​លើ​ខ្សែ​ភាព​យន្ត Animation ដូច​ជា Loving Vincent, The Boss Baby, Ferdinand និង The Breadwinner.

នេះ​ជា​រឿង​ទី​មួយ​ហើយ ដែល​ក្រុមហ៊ុន​ Pixar film បាន​ផលិត​រឿង​ទាក់​ទង​នឹង​វប្បធម៌​របស់​ពួក​ម៉ិក​ស៊ិក​កូ។ រឿង​ Coco បាន​បង្ហាញ​ពីកូន​ក្មេង​ម្នាក់ ដែល​ចូល​ចិត្ត​ផ្នែក​តន្រ្តី ប៉ុន្តែ​រង​ការ​រើស​អើង​ពី​សមាជិក​គ្រួសារ​របស់​គាត់។ ​ថ្ងៃ​មួយ ជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ថ្ងៃ​នៃ​សេចក្តី​ស្លាប់ (Day of the Dead) ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ចូល​ទៅ​កាន់​ភព​នៃ​សេចក្តី​ស្លាប់ (Land of the Dead) ហើយ​បាន​រក​ឃើញ​ជីតា​របស់​គេ ដែល​ជា​​តន្រ្តី​ករ​ក៏​ល្បី​ល្បាញ​ម្នាក់។


រឿង​ Coco ត្រូវ​បាន​ចំណាយ​ពេល ៦​ឆ្នាំ សម្រាប់​ការ​ផលិត ដោយ​ក្រុម​ការងារ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ិក​ស៊ិក​កូ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ស្វែង​យល់​អំពី​វប្បធម៌ និង​តន្រ្តី​នៃ​ប្រទេស​នោះ។​

លោក​ Lee Unkrich អ្នក​ដឹក​នាំ​រឿង​មួយ​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​មាន​ទំនួល​ខុស​ត្រូវ​ដ៏​ធំ​នៅ​លើ​ស្មារ​របស់​ខ្ញុំ ដើម្បី​ធ្វើ​រឿង​នេះ​ឲ្យ​ត្រឹម​ត្រូវ។» គាត់​បាន​បន្ត​ទៀត​ថា​៖« ខ្ញុំ​ត្រូវ​ធ្វើ​​រឿង​គ្រប់​យ៉ាង ដើម្បី​ភាព​ជោគ​ជ័យ ខ្ញុំ​ត្រូវ​នៅក្បែរអ្នក​ជំនាញ ហើយ​ត្រូវ​បញ្ចូល​ខ្លួន​របស់​យើង​ទៅ​ក្នុ​ង​វប្បធម៌​របស់​ម៉ិក​ស៊ិក​កូ ឲ្យ​កាន់​តែ​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។»

លោក Unkrich ក៏​បាន​អរគុណ​ក្រុម​ការងារ​របស់​គាត់​។ គាត់​បាន​និយាយ​ថា៖ «រឿង​ Coco មិន​អាច​កើត​ឡើង ដោយ​គ្មាន​មនុស្ស​ដ៏​អស្ចារ្យ​របស់​ម៉ិក​ស៊ិក​កូ និង​ប្រពៃណី​របស់​​ Día de los Muertos នោះ​ឡើយ»៕



 

 

 

 

 

ប្រភព៖​theverge