(ភ្នំពេញ)៖ តារាសម្ដែងកំពុងឡើងកូដខ្លាំង កញ្ញា អ៉ឹម ដាលីស ត្រូវបានមហាជនមើលឃើញថា នាងហាក់កំពុងតែមានទីផ្សារខ្ពស់ ក្នុងពិភពសម្ដែង ជាពិសេសការថត បទចម្រៀងខារ៉ាអូខេ ថតរឿងអប់រំ និងការងារជួយផ្សព្វផ្សាយ សុខភាពផ្លូវភេទស្រ្តី ជូនដល់បងប្អូនកម្មការិនី តាមបណ្ដារោងចក្រនានា ។ អ្វីដែលកាន់តែមមាញឹក បន្ថែមទៀតនោះ អ៉ឹម ដាលីស កំពុងតែកាក់កបនឹងការងារថ្មីមួយទៀត គឺការធ្វើជាពិធីការិនី ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗ មានទាំងក្នុងក្រុងភ្នំពេញ និងតាមខេត្តឆ្ងាយៗ ។ ការងារនេះ ជាជំនាញសិល្បៈមួយ ដែលឪពុករបស់នាងចង់ឃើញ ជាទីបំផុត ប៉ុន្តែពេលស្រីស្រស់ អ៉ឹម ដាលីស សម្រេចបាននូវបំណងប្រាថ្នានេះហើយ បែរជាអ្នកមានគុណរបស់នាង មិនបានមើលឃើញទៅវិញ ព្រោះតែលោកឪពុកជាទីស្រឡាញ់ បានលាចាកលោកនេះទៅ ធ្វើឲ្យនៅតែនឹកស្រណោះ និងសម្ដែងការសោកស្ដាយ ជាពន់ពេក ។
តារាសម្ដែង អ៉ឹម ដាលីស ត្រូវបានមហាជនចាប់ផ្ដើមស្គាល់ច្រើនឡើងៗ ពេលនាងបានចូលប្រឡូក ក្នុងសិល្បៈប្រមាណជាង២ឆ្នាំ ដោយគេឧស្សាហ៍ឃើញវត្តមាននាង ក្នុងឈុតខារ៉ាអូខេ របស់ផលិតកម្ម ថោន ការថតពាណិកម្ម ក្នុងខ្សែភាពយន្ត និងសកម្មភាពជួយដល់សង្គមជាដើម ។ ការងារទាំងនោះ ត្រូវបានបង្ហោះឡើង តាមបណ្ដាញសង្គមនានា ហើយទទួលបានការសាទរ ពីទស្សនិកជន ដែលធ្លាប់គាំទ្រនាងផងដែរ។
រយៈកាលនៃការតស៊ូ ក្នុងសង្វៀនសិល្បៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្ដែងវ័យក្មេងសាច់សខ្ចី អ៉ឹម ដាលីស ហាក់ទទួលស្គាល់ខ្លួនឯងថា កំពុងតែឈរនៅលើភាពជោគជ័យមួយ ដែលនាងតែងតែប៉ងប្រាថ្នា តាំងពីយូរមកហើយ ។ តែទោះបីជាកំពុងស្ថិតនៅក្នុងដំណើរ ឈានទៅរកភាពល្បីល្បាញ កេរ្តិ៍ឈ្មោះលំដាប់កំពូល ដូចតារាសម្ដែងដទៃក្ដី ក៏ អ៉ឹម ដាលីស បានបង្ហាញមោទនភាពចំពោះខ្លួនឯងថា ជោគជ័យគួរជាទីគាប់ប្រសើររួចទៅហើយ ។ ប៉ុន្តែអ្វីដែលនៅតែដក់ជាប់ក្នុងចិត្ត និងតែងតែសម្ដែងការសោកស្ដាយ ពេលនឹងឃើញម្ដងៗនោះ គឺភាពជោគជ័យរបស់នាង មិនត្រូវបានឪពុកនាងបានមើលឃើញ និងអាចចូលរួមអបអរសាទរ នោះឡើយ ព្រោះលោកបានទទួលមរណភាព តាំងពីអំឡុងខែតុលា ឆ្នាំ២០១៤ មកម៉្លេះ ដោយរោគាពាធ។
អ៉ឹម ដាលីស និយាយទាំងអារម្មណ៍ សោកសៅថា «ខ្ញុំស្ដាយណាស់បង..! ដែលប៉ារបស់ខ្ញុំគាត់មិនបានឃើញកូន ជោគជ័យដូចបំណងរបស់គាត់ ។ កាលគាត់(ប៉ា)នៅរស់ គាត់ចង់ឲ្យខ្ញុំធ្វើជាពិធីការិនី (MC) តាមកម្មវិធីផ្សេងៗ គាត់ចង់ឃើញមែនទែន តែគួរឲ្យស្ដាយ ពេលនឹកឃើញរឿងនេះម្ដងៗ ខ្ញុំពិតជា...(ដកដង្ហើមធំ)»។
ងាកមកការងារសង្គមវិញ ទោះបីជាមមាញឹកយ៉ាងណា សម្រាប់តារាសម្ដែង អ៉ឹម ដាលីស ក៏គេនៅតែសង្កេតឃើញថា នាងតែងឆ្លៀតពេលវេលា ដ៏មានតម្លៃ មកជួយផ្សព្វផ្សាយ លើសេវាកម្មអប់រំសុខភាពផ្លូវភេទស្រ្តី អស់រយៈពេលជាច្រើនលើកមកហើយ ដោយ អ៉ឹម ដាលីស បានអះអាងថា សកម្មភាពនេះ ទទួលបានជោគជ័យ គួរជាទីមោទនៈ ហើយបើទោះបី មានការនឿយហត់បន្តិចក្ដី ក៏នាងមានអារម្មណ៍ថា រំភើបចិត្ត និងសប្បាយចិត្តជាខ្លាំង ព្រោះបានចូលរួមជួយដល់សង្គមជាតិ ក្នុងនាមជាខ្មែរមួយរូប ដែលទទួលបានការស្វាគមន៍ ស្រឡាញ់រាក់ទាក់ ពីសំណាក់បងប្អូន កម្មករ-កម្មការិនី ហើយនាងក៏ពេញចិត្តនឹងការងារនេះដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង