CamNews

តារា 

អ៉ឹម ដាលីស សម្រក់​ទឹក​ភ្នែក ក្នុង​ថ្ងៃ​ខួប​កំណើត

(ភ្នំពេញ)៖ ព្រោះតែរំជួលចិត្ត នឹកឃើញគ្រប់បែបយ៉ាង ទៅលើការតស៊ូចិញ្ចឹមបីបាច់​ ថែរក្សាកូនតាំងពីតូចក្រូចឆ្មា ទម្រាំធំដឹងក្ដី និងមានថ្ងៃពិសេស នៅក្នុងថ្ងៃនេះ បានធ្វើឲ្យតារាសម្ដែង កំពុងតែឈោងចាប់នូវប្រជាប្រិយភាព កញ្ញា អ៉ឹម ដាលីស បានសម្រក់ទឹកភ្នែក នៅចំពោះមុខម្ដាយ ព្រមទាំងភ្ញៀវកិត្តិយស និងមិត្តរួមអាជីពទាំងអស់​ ក្នុងថ្ងៃខួបកំណើតរបស់នាង នារាត្រីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦នេះ ហើយក្នុងនោះមិត្តភក្តិ ទាំងអស់មានអ្នកខ្លះ ក៏បានស្លុងចិត្តរំជួលអារម្មណ៍ ទឹកភ្នែករលីងរលោង ជាមួយនាងដែរ ។

តារាសម្ដែងរាងស្អាត ចង្កេះអង្រ្កង កញ្ញា អ៉ឹម ដាលីស ត្រូវបានទស្សនិកជនស្គាល់ និងមានប្រជាប្រិយភាព តាមរយៈការសម្ដែងបទចម្រៀង ខារ៉ាអូខេជាច្រើនបទ ក្នុងផលិកម្ម ថោន ។ ជាមួយគ្នានេះ តាមរយៈស្ពតវីដេអូអប់រំខ្លីៗ របស់អង្គការសុខភាពស្រ្តី ជាពិសេសការចុះអប់រំផ្សព្វផ្សាយ ស្ដីពីសុខភាពផ្លូវភេទរបស់ស្រ្តី តាមបណ្ដារោងចក្រ សហគ្រាសនានា ដើម្បីជាចំណេះដឹង ក្នុងថែរក្សាសុខភាព ។

អ្វីដែលធ្វើឲ្យភ្ញៀវកិត្តិយស ព្រមទាំងមិត្តភក្តិជាអ្នកសិល្បៈដូចគ្នា ​ចូលរួមក្នុងកម្មវិធីខួបកំណើត របស់ អ៉ឹម ដាលីស មានអារម្មណ៍ភ្ញាក់ផ្អើលនោះ គឺនាងបានថ្លែងទៅកាន់ភ្ញៀវកិត្តិយស ទាំងទឹកភ្នែករលីងរលោង នឹកឃើញដល់រឿងគ្រប់បែបយ៉ាង ដែលម្ដាយបានទូន្មាន ប្រៀនប្រដៅឲ្យកូនស្រីម្នាក់នេះ ឲ្យក្លាយជាមនុស្សល្អក្នុងសង្គម ត្រូវចេះតស៊ូក្នុងជីវិត ។

អ៉ឹម ដាលីស និយាយទាំងទឹកភ្នែក ហូរកាត់ផែនថ្ពាល់ដ៏រលោងថា « ថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំមានម៉ាក់ម្នាក់នេះ ពិតជាសំណាងណាស់ ម៉ាក់តែងជួយកូនគ្រប់ពេល ទោះកូនធ្វើឲ្យម៉ាក់ខឹង​ ក៏ម៉ាក់មិនយកទោសពៃរ៍ កូនចង់..!(ស្រក់ទឹកភ្នែក) និយាយថា កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់..!!»។​

ជាមួយគ្នានេះ តារាសម្ដែង អ៉ឹម ដាលីស ក៏បានថ្លែងអំណរគុណ ដល់មិត្តភក្តិទាំងអស់ក្នុងសិល្បៈ ដែលតែងតែលើកទឹកចិត្ត ជួយជម្រុញក្នុងការងារសិល្បៈ ជាពិសេសជួយណែនាំ អ្វីដែលខ្វះខាត និងចំណាយពេលវេលា មកចូលរួមកម្មវិធីខួបកំណើតនៅថ្ងៃនេះ ប្រកបដោយភាពសប្បាយរីករាយ ដែលជាថ្ងៃពិសេស មិនអាចបំភ្លេចបាន ៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Em dalis